Influencer ជំនាញហែលទឹកសង្ហាម្នាក់នៅចិន ល្បីតុបតែងខ្លួនជា ទេវរៈ អឺឡាង បានលង់ទឹកស្ល-ា.//ប់ទាំងវ័យ ២៧ ឆ្នាំ
Liu Can ជា influencer ជនជាតិចិនដែលទទួលបានភាពល្បីល្បាញជាមួយនឹងរូបរាងដ៏ស្រស់សង្ហា សាច់ដុំកង់ៗនោះ បានទទួលមរណភាពទៅហើយទាំងវ័យទើបតែ ២៧ ឆ្នាំ។ បើតាមការលើកឡើងរបស់មហាជនម្នាក់បានឱ្យដឹងថា រូបលោកជាអ្នកជំនាញហែលទឹកដែរ តែបែរជាមកអស់ជីវិតនឹងការលង់ទឹកទៅវិញ។
ដំណឹងដ៏រន្ធត់ និង សោកសៅមួយនេះដែរត្រូវបានប្រកាសដោយពូរបស់លោកលើបណ្ដាញសង្គមចិន Douyin និង Xiao Hong Shu។ តាមការរៀបរាប់ពីពូរបស់ Liu Can បានសរសេរថា៖ «ពួកយើងពិតជាសោកសៅមែនទែនក្នុងការប្រកាសឱ្យគ្រប់គ្នាបានដឹងថា Liu Can (ក្មួយប្រុសរបស់ខ្ញុំ) បានទទួលមរណភាពហើយកាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។ រូបគេស្លាប់ដោយសារលង់ទឹក ហើយមានអាយុទើប ២៧ ឆ្នាំទេ»។
ដំណឹងមរណភាពភ្លាមៗនៃកំលោះរូបសង្ហានេះដែរបានធ្វើឱ្យមហាជនក្នុងប្រទេសចិនជាច្រើនតក់ស្លុតជាខ្លាំង ដោយមួយចំនួនបាននាំគ្នាធ្វើការចូលរួមរំលែកទុក្ខ និង ខ្លះថែមទាំងចែករំលែកឡើងវិញនូវរូបភាព និង វីដេអូចាស់ៗរបស់លោកទៀតផង។
គួរបញ្ជាក់ថា Liu Can ជា Influencer ដ៏ល្បីល្បាញមួយរូបក្នុងប្រទេសចិន។ បណ្ដាញសង្គមរបស់លោកមានអ្នកចុចតាមដានចំនួន ១០០k ហើយថ្មីៗមុនទទួលមរណភាព លោកក៏បានធ្វើការតុបតែងខ្លួន (cosplay) តាមតួអង្គ ទេវរៈ អឺឡាង ប្រចាំហ្គេមដែលកំពុងផ្ទុះល្បី Black Myth: Wukong ទៀតផង ដោយវីដេអូរបស់លោកផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ហើយក៏មិនមាននរណាម្នាក់នឹកស្មានថាវាជាវីដេអូចុងក្រោយដែលលោកបង្ហោះនោះដែរ៕
ប្រភព៖ 8days