Blue Lagoon អាងទឹកពណ៌ខៀវដ៏អច្ឆរិយនៅអ៊ីស្លង់ ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ដូចបានងូតទឹកនៅឋានសួគ៌
Blue Lagoon ឬ អាងទឹកកែច្នៃពណ៌ខៀវ គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសអ៊ីស្លង់។ តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះដែរ មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ នាឧបទ្វីប Reykjanes។ វាមានរយៈចម្ងាយត្រឹម ២០ គីឡូម៉ែត្រប៉ុណ្ណោះពីព្រលានយន្តហោះអន្តរជាតិ Keflavik។
អាងទឹកពណ៌ខៀវ Blue Lagoon គឺជាអាងទឹកស៉្បាកែច្នៃដោយមនុស្សដោយប្រើប្រាស់ទឹកក្ដៅចម្រាញ់ពីកម្ដៅភពផែនដី។ អាងទឹកមួយនេះដែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ និងក្រោយមកមិនយូរប៉ុន្មាន ក៏បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងប្រទេសអ៊ីស្លង់។
ដូចដែលប្រិយមិត្តបានឃើញស្រាប់ ទិដ្ឋភាពទឹកពណ៌ទឹកដោះគោនៃអាងទឹកពណ៌ខៀវនេះ គឺសម្បូរទៅដោយជីវជាតិរ៉ែ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ស្បែករបស់យើង។ គួរឱ្យដឹងផងដែរថា អាងទឹក Blue Lagoon គឺជាអាងទឹកកែច្នៃដ៏ធំជាងគេបំផុតលើពិភពលោក។ តាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកក្នុងអាងមួយនេះ គឺតែងតែផ្លាស់ប្ដូររាល់ ៤៨ ម៉ោងម្ដង។ ចំពោះសីតុណ្ហភាពក្នុងអាងទឹកដ៏ធំមួយនេះ ជាមធ្យមគឺ ៣៨ អង្សាសេ។
Blue Lagoon គឺទទួលបានភាពល្បីល្បាញខ្លាំងមែនទែន រហូតខាង National Geographic រួមបញ្ចូលជាតំបន់អច្ឆរិយមួយក្នុងចំណោមតំបន់អច្ឆរិយចំនួន ២៥ លើពិភពលោក កាលពីឆ្នាំ ២០១២៕