កុំច្រឡំថានៅឆ្ងាយ! ជិះតែមួយវឹងពីភ្នំពេញដល់ អាចអង្គុយមាត់ទឹកថ្លាឆ្វង់ក្រោមដើមដូង ដាក់ចំណីត្រីបន្ធូរស្ដ្រេស
រៀងរាល់ថ្ងៃឈប់សម្រាកពីការងារ ក៏ដូចជាថ្ងៃចុងសប្ដាហ៍ឈានចូលមកដល់ ប្រិយមិត្តមួយចំនួនប្រាកដជាមានអារម្មណ៍ថាខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅលម្ហែកាយ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណាដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងារ បន្ធូរអារម្មណ៍ស្ដ្រេស ជាដើម។
ថ្ងៃនេះ យើងសូមលើកយកនូវទីតាំងលម្ហែកម្សាន្តមួយកន្លែងមានទីតាំងនៅជិតរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តនៅថ្ងៃសម្រាកកុងសប្ដាហ៍ ដែលនៅទីនោះមានឈ្មោះថា «រមណីយដ្ឋានអាណាចក្រដូង»។
ស្ថិតនៅតាមផ្លូវជាតិលេខ ៥ ភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង រមណីយដ្ឋានអាណាចក្រដូង រង់ចាំប្រិយមិត្តទៅលម្ហែកាយាជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្ដាហ៍ ដោយប្រិយមិត្តនៅរាជធានីភ្នំពេញ អាចចំណាយពេលធ្វើដំណើរទៅដល់ត្រឹមតែប្រមាណ ៥០ នាទីប៉ុណ្ណោះ និង អាចទាក់ទងកក់សួរនាំព័ត៌មានបានតាមរយៈលេខ 015699988។
អ្វីដែលកាន់តែពិសេសទៀតនោះ រមណីយដ្ឋានអាណាចក្រដូង មានលក្ខណៈខុសប្លែកពីកន្លែងលម្ហែដទៃនៅជិតរាជធានីភ្នំពេញ ដោយហេតុថានៅទីនោះរៀបចំឡើងមានដើមដូង និង កញ្ចុះជាច្រើនអមជាប់មាត់ទឹកខៀវស្រងាត់ មានត្រីហែលទៅហែលមក និង មានទូកជិះកាត់ទៀត ស័ក្តិសមសម្រាប់ការអង្គុយទទួលទានអាហារឆ្ងាញ់ៗជួបជុំគ្រួសារ សាច់ញាតិ និង មនុស្សជាទីស្រឡាញ់ និង ងាយស្រួលក្នុងការធ្វើដំណើរត្រឡប់មកភ្នំពេញវិញ៕