អុញ ម៉េចចឹង! Cristiano Ronaldo ត្រូវគ្រូពេទ្យកែសម្ផស្សម្នាក់ប្ដឹងរឿងជំពាក់លុយថ្លៃសេវាកម្មជាង ៥ ម៉ឺនដុល្លារអត់សង
កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo កំពុងជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្ដាំជាមួយគ្រូពេទ្យកែសម្ផស្សម្នាក់ឈ្មោះ Roshan Ravindran ដោយគ្រូពេទ្យរូបនោះបានអះអាងថាកំពូលកីឡាកររូបនេះបានជំពាក់លុយលោកចំនួន ៤ ម៉ឺនផោន (ប្រមាណជាង ៥ ម៉ឺនដុល្លារ) លើសេវាកម្មដែលគេផ្ដល់ឱ្យ។
តាមសារព័ត៌មាន The Sun បានឱ្យដឹងថា គ្រូពេទ្យ Ravindran ដែលគេស្គាល់ថាជាលោក Dr. Rosh បានចោទថាកីឡាករបាល់ទាត់ Ronaldo មិនបានបង់ថ្លៃសេវាដែលលោកផ្ដល់ឱ្យអំឡុងពេលដែល Ronaldo លេងឱ្យក្លឹបបាល់ទាត់អង់គ្លេស Manchester United ក្នុងឆ្នាំ ២០២១ និង ២០២២។ បន្ថែមពីនេះ លោកក៏បានអះអាងទៀតថា លោកមិនត្រឹមផ្ដល់សេវាឱ្យតែ Ronaldo ម្នាក់ឯងនោះទេ តែថែមទាំងក្រុមគ្រួសារលោក និង អ្នកដើរតាមលោកទៀតផងក្នុងគ្លីនិកនៅតំបន់ Cheshire។
ខណៈពាក្យបណ្ដឹងមិនបានបញ្ជាក់ថាខាងគ្លីនិកផ្ដល់សេវាកម្មអ្វីខ្លះដល់ Ronaldo និង ក្រុមគ្រួសារនោះ ប៉ុន្តែតាមការឱ្យដឹងគ្លីនិករបស់លោក Ravindran គឺផ្ដល់សេវាកម្មផ្នែកសម្ផស្សមួយចំនួនដូចជាការចាក់ botox ចាក់ fillers ការថែទាំស្បែក និង សេវាកម្មលើកចិញ្ចើមជាដើម។ ជាមួយគ្នានោះដែរ លោក Ravindran ក៏មិនបានទម្លាយលម្អិតបន្ថែមជុំវិញបញ្ហាបណ្ដឹងនេះដែរ។
គួរឱ្យដឹងថា បើតាមការរៀបរាប់ដោយប្រភពមួយទៅកាន់សារព័ត៌មាន The Sun លោកគ្រូពេទ្យ Ravindran គឺជាគ្រូពេទ្យដ៏ជំនាញលើផ្នែកព្យាបាលរូបសម្ផស្ស ហើយអតិថិជនរបស់លោកគឺសុទ្ធតែជាបុគ្គលលំដាប់ៗដូចជាអ្នកក្នុងជួរនយោបាយ សែរាជវង្ស កំពូលកីឡាករល្បីៗ និង តារាហូលីវូដជាដើម៕
ប្រភព៖ VN EXPRESS