Min Pechaya យំសុំទោសជនរងគ្រោះដែលខាតបង់ បន្ទាប់ពីខ្លួនពាក់ព័ន្ធក្នុងករណីធ្វើអាជីវកម្មអនឡាញបោកប្រាស់
ព័ត៌មានពាក់ព័ន្ធនឹងក្រមហ៊ុន The Icon Group នៅក្នុងប្រទេសថៃ ដែលសង្ស័យបានធ្វើអាជីវកម្មអនឡាញបោកប្រាស់លុយរបស់មនុស្សជាច្រើន រហូតមានជនរងគ្រោះបានដាក់ពាក្យប្តឹង គឺកាន់តែក្តៅគគុកឡើង។ មិនតែប៉ុណ្ណោះសូម្បីតែក្នុងចង្កោមសិល្បៈថៃក៏កំពុងផ្ទុះកក្រើណាស់ដែរ បន្ទាប់ពីគេបានរកឃើញមានតារាប្រុសស្រីល្បីៗថៃមានជាប់ពាក់ព័ន្ធទៀត។
ងាកមកកាន់តារាសម្តែងស្រីដ៏ល្បី នាង Min Phichaya ដែលគេបានរកឃើញមានជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវក្តៅគគុកនេះ និង មានតំណែងជានាយកផ្នែកទំនាក់ទំនងសាជីវកម្មនៅ The Icon Group ដែរនោះ កាលពីរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នាងបានចេញមុខធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបើកបង្ហាញការពិតដល់មហាជនជុំវិញរឿងនេះ។
ក្នុងសន្និសីទសារព័ត៌មាននោះ Min Phichaya បានសោកស្តាយ និង បានយំសុំទោសដល់ដល់ជនរងគ្រោះ ដោយនាងបាននិយាយថានាងមិនសប្បាយចិត្តទេក្រោយកើតមានរឿងនេះឡើង ហើយនាងក៏ចង់ចេញមុខបង្ហាញភាពស្មោះត្រង់ជាច្រើនថ្ងៃមកហើយ។ Min បានទទួលស្គាល់ថា នាងបានចូលធ្វើការជាអ្នកធ្វើបទបង្ហាញ និង ជានាយកផ្នែកទំនាក់ទំនងសាជីវកម្មក្នុង The Icon នេះ ដោយមានកិច្ចសន្យាការងារស្របច្បាប់ច្បាស់លាស់ និង បើកប្រាក់ខែដូចបុគ្គលិកទូទៅដែរ។
តារាស្រី Min បានបញ្ជាក់ទៀតថា នាងទើបតែធ្វើការជាមួយក្រុមហ៊ុន The Icon បានជាងមួយឆ្នាំប៉ុណ្ណោះ ដោយ The Icon នេះបានបើកដំណើរការបាន ៦ ឆ្នាំមកហើយ បើគិតត្រឹមថ្ងៃដែលនាងចូលរួមធ្វើ។ តារាស្រី Min បានលើកឡើងបន្ថែមថា នាងក៏មិនមែនជាអ្នកបង្ហាញផ្សព្វផ្សាយដំបូងឱ្យក្រុមហ៊ុននេះដែរ ប៉ុន្តែក្នុងពេលដែលនាងមកធ្វើការនៅក្រុមហ៊ុននេះ គឺមានផ្ទាំងរូបភាពនាងបានធ្វើជាអ្នកតំណាងផលិតផល។
ក្រោយរៀបរាប់ទាំងអួលដើម-កពីបញ្ហាមួយចំនួនពាក់ព័ន្ធដល់ខ្លួន តារាស្រី Min Phichaya ក៏បានប្រកាសបញ្ចប់កិច្ចសន្យាការងារពី The Icon និង ថ្លែងការសុំទោសដល់ជនរងគ្រោះដែលបានខាតបង់ ជាមួយការសារភាពកំហុសរបស់ខ្លួន។ Min ក៏បានបញ្ជាក់ដែរថា ពេលនេះនាងបានត្រៀមខ្លួនក្នុងការចូលបំភ្លឺក្នុងដំណើរការរកយុត្តិធម៌ផងដែរ៕