ក្អួតលែងចេញ! កុម្មង់ស្តេកមួយដុំតម្លៃជិត ៥០ ដុល្លារ រៀបកាត់ដាក់មាត់ហើយឃើញដង្កូវឱ្យរវើកពេញសាច់
ថ្មីៗនេះ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់បានចែករំលែករឿងរ៉ាវដ៏គួរឱ្យខ្ពើមរអើមមួយដែលនាងបានជួបប្រទះសឹងខ្លាចរអាមួយជីវិត អំឡុងពេលនាងចេញញ៉ាំអាហារនៅភោជនីយដ្ឋានខាងក្រៅជាមួយប្ដី និង កូន។
តាមការរៀបរាប់របស់ស្ត្រីខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នាងបានទៅភោជនីយដ្ឋានមួយឈ្មោះ Lone Star Rib House នៅក្រុង Penrith ជាមួយប្ដី និង កូន។ ដល់ទីនោះ នាងបានកុម្មង់ស្តេកមួយដែលមានតម្លៃដល់ទៅ ៤២ ដុល្លារ តែពេលម្ហូបលើកដាក់មកដល់នាងក៏មានអារម្មណ៍ថាមិនស្រួល។
ថ្លែងប្រាប់សារព័ត៌មាន ABC នាងបាននិយាយថា៖ «ពេលខ្ញុំមើលទៅស្តេកមួយដុំនោះ ខ្ញុំក៏ចាប់អារម្មណ៍ឃើញមានអ្វីកំពុងតែវាររវើកៗ»។ ដំបូងឡើយប្ដីរបស់នាងគិតថានោះបែបជាគ្រឿងគេរោយពីលើសាច់ទេ តែដល់ពេលគាត់ឱនមើលឱ្យជិតទៅទើបដឹងថាអ្វីទាំងអស់នោះគឺជាកូនដង្កូវក្នុងសាច់រស់រវើកគួរឱ្យខ្ពើមរអើមបំផុត។
យ៉ាងណាមិញក្រោយហេតុការណ៍ ក៏មានបុគ្គលិកព្យាយាមចេញមកបកស្រាយថាខាងភោជនីយដ្ឋានគឺមិនបានដឹងឡើយថាមានដង្កូវនៅលើស្តេក ហើយដង្កូវទាំងនោះប្រហែលជាអាចវារចេញសាឡាដ។ បើទោះជាព្យាយាមខំបកស្រាយ និង សុំប្ដូរអាហារថ្មីឱ្យវិញ ប៉ុន្តែស្ត្រីជាភ្ញៀវគឺបានបដិសេធមិនញ៉ាំទៀតនោះឡើយព្រោះតែនាងនៅតែមានអារម្មណ៍ខ្ពើមរអើមមិនទាន់បាត់។
ភ្លាមៗក្រោយទទួលការរិះគន់ពីភ្ញៀវ ខាងមន្ត្រីផ្នែកសុខភាពបរិស្ថានក៏បានចុះទៅដល់ទីតាំងហាងដើម្បីពិនិត្យលើបញ្ហាអនាម័យម្ហូបអាហារ ប៉ុន្តែទៅដល់ពួកគេមិនរកឃើញអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។ ទោះជាយ៉ាងណាមិញ បទពិសោធមួយនេះនៅតែធ្វើឱ្យស្ត្រីជាភ្ញៀវខ្លាចសឹងមិនហ៊ានប៉ះស្តេកតទៅទៀត៕