សុជាតា បញ្ជាក់មូលហេតុចេញមកផុសសារ និង ប្រាប់ថាយុវជនរូបនោះកុហក ជាប្អូនរបស់តារានេះ តារានោះ
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកក្រោយពីមិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបង្ហោះវីដេអូរៀបរាប់ពីថ្ងៃមង្គលការរបស់នាង ដោយមានយុវជនមួយរូបបានចូលរួមកម្មវិធី ដែលម្ចាស់ដើមការមិនស្គាល់។
ក្នុងវីដេអូនោះ មិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ពីដំណើរដើមទងជាបន្តបន្ទាប់ ដោយក្នុងនោះមានការបញ្ចេញគាំទ្រ និង រិះគន់ផងដែរ។ ក្នុងនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែផ្ទុះការវែកញែកនោះ គឺមានការលើកឡើងពីមាត់មួយទៅមាត់មួយថា មានការប្រកាន់ចំពោះការចូលរួមនូវវត្តមានរបស់យុវជនរូបនោះជាដើម។
យ៉ាងណាមិញ ពាក់ព័ន្ធរឿងខាងលើនេះ តារាស្រី សុភ័ក្ត្រ កុសុម៉ា មិនបានចេញមកបកស្រាយអ្វីឡើយ ប៉ុន្តែ កញ្ញា សុជាតា ប្អូនស្រីជំនិតរបស់ កុសុម៉ា បានចេញមកបង្ហោះសារ ហាក់ឆ្លើយតបទៅកាន់អ្នកវែកញែកថា៖ «មិនយល់ហេតុអ្វីគិតថាគេ រើសអើង? បើគេរើសអើង គេដេញចេញតាំងពីឃើញមុខក្នុងកម្មវិធីម៉្លេះ សំខាន់យើងក៏បានសួរនាំគាត់ផ្ទាល់ដែរ តែគាត់ឆ្លើយកុហក! បើគាត់ស្មោះត្រង់ គាត់មិនឆ្លើយត្រង់មក? បញ្ចប់!»។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញា សុជាតា បានបន្ថែមនៅក្នុងខមមិនឱ្យដឹងថា មូលហេតុដែលនាងចេញមកបង្ហោះសារមួយនេះ ក៏ព្រោះតែមានមហាជនជាច្រើនបានលើកឡើងថា មិត្តភក្តិរបស់ សុភ័ក្ត្រ កុសុម៉ា រើសអើងយុវជនរូបនោះជាដើម តែតាមការពិតទៅ ពួកគេគ្រាន់តែចង់បានភាពស្មោះត្រង់ពីយុវជនរូបនោះប៉ុណ្ណោះ។
លើសពីនោះ កញ្ញា សុជាតា បានខមមិនឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ថា៖ «បើគាត់ឆ្លើយស្មោះត្រង់មានទៅអីបង តែគាត់កុហក ហើយតាំងខ្លួនជាប្អូនតារានេះ តារានោះ ទាំងដែលម្ចាស់សាមីខ្លួនគេមិនទាំងដែលស្គាល់គាត់ផងហ្នឹង! មានហ្វេនផ្សេងគាត់មកដែរតើ តែគេប្រាប់ត្រង់ យើងក៏ស្វាគមន៍គាត់»៕