ផ្ទុះការលើកឡើងពី ម៉ៃ សុគន្ធ ព្រាត ក្រោយឃើញទៅមើលការប្រកួតរវាងកម្ពុជា និង ហ្វីលីពីន ហើយលទ្ធផលបាន ១ ស្មើ
កាលពីរាត្រីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងជំនួបប៉ះគ្នារវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន គេសង្កេតឃើញមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រកម្ពុជារាប់ម៉ឺននាក់ ស្រែកហ៊ោកញ្ជៀវលើកទឹកចិត្តដល់ក្រុមកីឡាករក្នុងទីលានប្រកួត។
ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិហ្វីលីពីននេះដែរ គឺជាការប្រកួតប្រជែងមួយយ៉ាងជក់ចិត្តបំផុត ដោយបញ្ចប់តង់ទី ១ កម្ពុជារកបាន ១ គ្រាប់ នាំមុខក្រុមជម្រើសជាតិហ្វីលីពីន។ ដោយឡែក សម្រាប់តង់ទី ២ ក្រុមជម្រើសជាតិហ្វីលីពីន រកបាន ១ គ្រាប់វិញពីក្រុមជម្រើសជាតិកម្ពុជា នាំឱ្យលទ្ធផលបញ្ចប់ការប្រកួតទទួលបាន ១ ទល់នឹង ១។
បើងាកមកមើលអ្នកគាំទ្រវិញ ជាក់ស្ដែងក្នុងចំណោមអ្នកគាំទ្ររាប់ម៉ឺននាក់ដែលបាននៅទស្សនាផ្ទាល់នារាត្រីនោះ គេក៏សង្កេតឃើញមានវត្តមានលោក ម៉ៃ សុគន្ធ ផងដែរ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទាំងបានទៅទស្សនាផ្ទាល់ ព្រមទាំងអ្នកទស្សនាតាមការផ្សាយផ្ទាល់តាមគេហដ្ឋាន ផ្ទុះការវែកញែកបញ្ចេញមតិព្រាត។
ចំពោះការវែកញែកទាំងនេះ មានមតិមួយចំនួនបានលើកឡើងថា មូលហេតុដែលពុំអាចឱ្យក្រុមជម្រើសជាតិកម្ពុជាយើងនាំមុខ ក្រុមជម្រើសជាតិហ្វីលីពីន គឺប្រហែលដោយសារតែមានវត្តមានលោក ម៉ៃ សុគន្ធ នៅទីនោះ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានបន្ថែមទៀតថា កាលពីពូលមុនក្រុមជម្រើសជាតិកម្ពុជា អាចនាំមុខក្រុមជម្រើសជាតិទីម័រ ៤ ទល់នឹង ០ ពេលនោះគឺជាពេលដែលគ្មានវត្តមាន ម៉ៃ សុគន្ធ នោះឡើយ។
ដោយឡែក ក៏មានមតិមួយចំនួនផ្សេងទៀតបានបកស្រាយវិញថា ការឈ្នះចាញ់នៅក្នុងការប្រកួតគឺពុំមែនដោយសារតែមានវត្តមានបុគ្គលនាំហេង ឬ បុគ្គលនាំសយនោះឡើយ ពោលគឺជាសមត្ថភាព និង ការខិតខំប្រឹងប្រែងរបស់កីឡាករនោះទេ៕