ត្រៀមអ៊ុតមើល! លទ្ធផលប្រឡងបាក់ឌុបសម្រាប់ភ្នំពេញ និង បណ្ដាខេត្តផ្សេងៗនឹងប្រកាសនៅចុងខែនេះហើយ
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និង កីឡា បានឆ្លើយតបទៅនឹងសំណួរ ៖ «តើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៨ តុលា ២០២៤ គ្រោងនឹងប្រកាសជូននៅពេលណា?»។
តាមរយៈសំណួរនេះ ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ឱ្យបានដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖០៨ តុលា ២០២៤ គ្រោងនឹងប្រកាសជូននៅ ៖
– ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ៖ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល
– ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ៖ សម្រាប់ខេត្តផ្សេងៗទូទាំងប្រទេស។
គួរឱ្យដឹងផងដែរថា ពិន្ទុដែលត្រូវកំណត់ឱ្យជាប់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ គឺរបបពិន្ទុប្រឡងអតិបរមា ៥០០ ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧.៥ ពិន្ទុ យកត្រឹម ២៣៧ ពិន្ទុ ជាប់៕