ជោគជ័យគ្រប់យ៉ាង តែ ប្រាសាទ ដាវីន នៅមានមហិច្ឆតាដ៏ធំមួយទៀតមិនទាន់សម្រេច ក្នុងវិស័យបវរកញ្ញា
ឆ្នាំ ២០២៤ នេះ កម្មវិធី Miss Universe Cambodia បានប្រកាសឱ្យដឹងហើយថា សម្រាប់ការជ្រើសរើសម្ចាស់មកុដប្រចាំឆ្នាំ ២០២៤ នេះ គឺមិនមានរៀបចំការប្រកួតលើឆាកឡើយ ដោយកម្មវិធីបានរៀបចំជ្រើសរើសតាមរយៈ Closed Door Casting និង សម្ភាសដោយផ្ទាល់។
យ៉ាងណាមិញ ថ្មីៗកន្លងទៅ កម្មវិធី Miss Universe Cambodia ក៏បានរកឃើញបេក្ខភាពបវរកញ្ញាកំពូល ៥ រូបហើយ បើតាមរយៈការបង្ហោះរបស់ស្ថាប័ន បេក្ខភាពកំពូលទាំង ៥ នេះ ក៏បានចូលធ្វើការសម្ភាសដោយផ្ទាល់ជាមួយនឹងគណៈកម្មការរួចហើយដែរ ដើម្បីជ្រើសរើសក្លាយជាម្ចាស់គ្រងមកុដ Miss Universe Cambodia 2024 គឺរង់ចាំតែលទ្ធផលប៉ុណ្ណោះ។
ស្របពេលកម្មវិធី Miss Universe Cambodia បានប្រកាសបេក្ខភាព Top 5 ជាបន្តបន្ទាប់នៅលើផេកផ្លូវការនោះ អ្នកគាំទ្រក៏បានចាប់អារម្មណ៍នឹងអ្នកនាង ប្រាសាទ ដាវីន ដែលបានក្លាយជាបវរកញ្ញា ១ រូប ឈរឈ្មោះក្នុង Top 5 នៃការប្រកួត Miss Universe Cambodia 2024 នេះដែរ។
តាមរយៈការបង្ហោះការណែនាំពីអ្នកនាង ប្រាសាទ ដាវីន ដែលជា Top 5 ក្នុងការប្រកួតតាមរយៈផេកផ្លូវការរបស់ Miss Universe Cambodia 2024 បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្ម៍យ៉ាងខ្លាំង ដោយក្នុងនោះ អ្នកនាង ប្រាសាទ ដាវីន បានបញ្ជាក់ថា អ្នកនាងជោគជ័យលើការងារជាច្រើន ប៉ុន្តែអ្វីដែលអ្នកនាងមិនទាន់សម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្រវាឡ។
ការណែនាំនោះ បេក្ខភាព Top 5 របស់អ្នកនាង ប្រាសាទ ដាវីន បានរៀបរាប់ថា៖ «ឈានជើងដើរលើវិថីសិល្បៈតាំងពីអាយុ ១៣ ឆ្នាំ ប្រាសាទ ដាវីន បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យមួយនេះ ជាពិសេសការបង្ហាញម៉ូដ។ ពីមួយពេលទៅមួយពេល នាងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ រហូតធ្វើឱ្យខ្លួនក្លាយជាស្ត្រីដ៏រឹងមាំ និង មានឥទ្ធិពលម្នាក់ទាំងក្នុងការងារសិល្បៈ ការងារផ្ទាល់ខ្លួន និង ការងារសង្គម។ ជាតារាបង្ហាញម៉ូដ ជាអ្នកជំនួញ ជាអ្នកដឹកនាំកម្មវិធី ជាម្ដាយ ជាអ្នកធ្វើការស្ម័គ្រចិត្ត ជាទូតសុច្ឆន្ទៈ។-ល-។ ដាវីន គឺជាឧទាហរណ៍ជាក់ស្ដែងនៃពាក្យថា «ស្ត្រីអាចធ្វើបានគ្រប់យ៉ាង»។ យ៉ាងណាក៏ដោយ នៅមានរឿងមួយទៀតដែលសុភាពស្ត្រីរូបនេះប្រាប់ថាមិនទាន់បានសម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្រវាល»៕