ផ្ទុះសរសើរ! យុវជនខ្មែរ វ៉ាត វ៉ាន់ ផាត់មុខជាប្រាសាទកោះកេរ ដើម្បីអបអរការចូលជាបេតិកភណ្ឌពិភពលោក
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការចែករំលែក និង សរសើរយ៉ាងខ្លាំងដល់យុវជនខ្មែរមួយរូប ដែលមានការច្នៃប្រឌិតយ៉ាងខ្លាំងក្នុងការគូររូបភាពផ្សេងៗជាអត្តសញ្ញាណប្រទេសកម្ពុជា នៅលើផ្ទៃមុខរបស់ខ្លួន។
យ៉ាងណាមិញ យុវជន ដែលកំពុងឆក់បានការចាប់អារម្មណ៍រូបនេះត្រូវបានគេស្គាល់ឈ្មោះថា «វ៉ាត វ៉ាន់» ដោយលោកបានគូររូបនៅលើផ្ទៃមុខរបស់លោករួមមាន ផែនទីកម្ពុជា ប្រាសាទអង្គរវត្ត អប្សរា ល្ខោនខោល ដើមត្នោត ទិដ្ឋភាពក្នុងក្រុងភ្នំពេញ និង ម្ហូបហហ្មុកយ៉ាងទាក់ភ្នែក ហើយនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះលោកក៏បានបង្ហោះវីដេអូថ្មីមួយ បង្ហាញឱ្យឃើញការរគូររូបភាពប្រាសាទកោះកេរ ដើម្បីអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅ។
ទន្ទឹមនឹងការផោត់មុខដ៏ប៉ិនប្រសប់ និង ស្រស់ស្អាតនេះដែរ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ទៀតនោះគឺ យុវជន វ៉ាត វ៉ាន ក៏បានរៀបរាប់យ៉ាងក្បោះក្បាយ សម្រាយពីអត្ថន័យនៃប្រាសាទកោះកេរជាភាសាអង់គ្លេសយ៉ាងជក់ចិត្តទៀតផង។
គួរឱ្យដឹងថា នេះមិនមែនលើកទី ១ ទេ ដែលយុវជនខ្មែររូបនេះ បានបង្ហាញស្នាដៃច្នៃប្រឌិតយ៉ាងមានទេពកោសល្យ ពោលគឺកន្លងមក វ៉ាត់ វ៉ាន់ បានបង្ហាញស្នាដៃគួរឱ្យចាប់អារម្មណ៍ជាច្រើនមកហើយដែរ៕