ញាក់សាច់! ច្រៀងត្រឹម ២ បទ ក្នុងមង្គលការគេ Pakho Chau ស៊ីថ្លៃជិត ១០ ម៉ឺនដុល្លារ
តារាសម្ដែង និង ចម្រៀងហុងកុង Pakho Chau គឺនៅតែជាសិល្បករមួយរូប ដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ មិនថាតែលើវិស័យសម្ដែង ឬ ច្រៀងនោះឡើយ។
ជាក់ស្ដែង ថ្មីៗនេះ តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះ ត្រូវបានគូស្នេហ៍ថ្មីថ្មោងមួយគូកក់អញ្ជើញឱ្យឡើងច្រៀងនៅក្នុងពិធីមង្គលការរបស់ពួកគេ នាសណ្ឋាគារ Shangri-La ក្រុង Shenzhen។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលបំផុតនោះគឺថា Pakho ឡើងច្រៀងត្រឹមតែ ២ បទប៉ុណ្ណោះ ប៉ុន្តែទទួលបានតម្លៃខ្លួនរហូតដល់ ៧០ ម៉ឺនយ័ន (ប្រមាណ ៩៥ ៦៨៥ ដុល្លារ) ឯណោះ។
តាមព័ត៌មានបានឱ្យដឹងថា តារាប្រុសមុខស្រស់ Pakho Chau បានចូលរួមក្នុងពិធីមង្គលការនោះ ដោយលើកយកបទចម្រៀងដ៏ល្បីរបស់លោកចំនួន ២ បទ (My Vow និង The Best) រួមទាំងធ្វើការរាក់ទាក់ជាមួយភ្ញៀវដែលបានអញ្ជើញចូលរួមពោរពេញដោយក្ដីរីករាយ។ តាមឱ្យដឹងមួយវិញទៀត ដោយសារតែកូនក្រមុំ គឺជាអ្នកគាំទ្ររបស់ Pakho ផង ទើបនាង និង គូស្នេហ៍ ហ៊ានចំណាយប្រាក់យ៉ាងសន្ធឹកបែបនេះ ដោយគ្មានការសោកស្ដាយអ្វីនោះឡើយ៕