មុនភ្ជុំបិណ្ឌ! ប៉ាន់ ខែមម៉ានូ នាំគូដណ្ដឹងថត Pre-Wedding រង់ចាំថ្ងៃពិសេស ខណៈទើបភ្ជាប់ពាក្យបាន ២ ខែ
ចាប់តាំងពីរៀបចំពិធីភ្ជាប់ពាក្យបំពេញមុខមេបាទាំងសងខាង កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ មក តួឯកប្រុសរូបសង្ហា លោក ប៉ាន់ ខែមម៉ានូ និង គូដណ្ដឹងរូបស្រស់ឈ្មោះ ផែន សុភារី កាន់តែបើកចំហពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម ជាពិសេសចាស់ទុំទាំងសងខាងក៏បានជ្រើសរើសរកពេលាដើម្បីផ្សំផ្គុំអ្នកទាំងពីរ ឱ្យរៀបការតាមប្រពៃណីឆាប់ៗផងដែរ។
គិតមកដល់ពេលនេះ ប៉ាន់ ខែមម៉ានូ និង កញ្ញា ផែន សុភារី បានផ្សាសាច់ឈាមក្លាយជាគូដណ្ដឹងនឹងគ្នារយៈពេលជាង ២ ខែមកហើយ ក្នុងនោះក៏មានមិត្តភក្ដិ សាច់ញាតិបងប្អូនមួយចំនួន បានសួរនាំអនាគតគូស្វាមីភរិយាមួយគូនេះ អំពីការជ្រើសយកថ្ងៃល្អ ដើម្បីក្រាបសំពះផ្ទឹមក្លាយជាប្ដីប្រពន្ធតាមប្រពៃណីដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ អនាគតកូនកំលោះរូបសង្ហា លោក ប៉ាន់ ខែមម៉ានូ បានបង្ហាញរូបថត Pre-Wedding របស់លោក និង គូដណ្ដឹងជាច្រើនសន្លឹក ដែលថតនៅទឹកដីខេត្តតាកែវ ជាមួយការតុបតែងទ្រង់គ្រឿងក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់សមសួន កំពុងទទួលបានការលើកសរសើរពីមហាជនអ្នកគាំទ្រថាគូស្នេហ៍មួយគូនេះ ម្នាក់ស្រស់ស្អាត រីឯម្នាក់ទៀតស្រស់សង្ហាពិតជាស័ក្ដិសមគ្នាខ្លាំងណាស់៕