បើកហាងតែគជ់ ១០ ឆ្នាំ ឧកញ៉ាវ័យក្មេង ឃន ឈុនដារ៉ា បង្ហើបពីរបៀបគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្ធភាព
ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ជាម្ចាស់ហាងតែគជ់ KOI ដ៏មានប្រជាប្រិយភាព។ លោកបាននាំយកម៉ាកយីហោតែគជ់ KOI របស់តៃវ៉ាន់ មកកម្ពុជាតាំងពីអំឡុងឆ្នាំ ២០១៤។ បើកគិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលប្រមាណ ១០ ឆ្នាំមកហើយ។ ជាមួយការដឹកនាំអាជីវកម្មប្រកបដោយភាពរីកចម្រើន ក្នុងនោះយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិករបស់លោក បានផ្តោតទៅលើតែចំណុច ៣ ធំៗប៉ុណ្ណោះ។
តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុក KOI Thé Cambodia ជាមួយចំណងជើង «រឿង 3,652 ថ្ងៃ របស់ ខយ!» លោកបានរៀបរាប់ថា ដើម្បីគ្រប់គ្រងបុគ្គលិកបានល្អ យើងពឹងផ្អែកទៅលើ ៣ ចំណុច។ ទី ១) ការជ្រើសរើសមនុស្សល្អឱ្យចូលមកក្រុមហ៊ុន, ទី ២)ការបែងចែកការងារឱ្យបានច្បាស់លាស់ ទើបងាយស្រួលក្នុងការបង្កើតថ្នាក់បង្ហាត់បង្រៀន និង វាយតម្លៃការបំពេញការងាររបស់បុគ្គលិក និង ទី ៣ ) អនុវត្តយុទ្ធសាស្ត្រមួយហៅថា «ប្រាំប» គឺ បញ្ចេះ, បញ្ជា, បញ្ជោរ, បញ្ចោរ និង បញ្ឈប់។
សម្រាប់ «ប្រាំប» លោកបានបកស្រាយលម្អិតផងដែរ។ តួយ៉ាង បញ្ចេះ៖ មុនយើងឱ្យគេបំពេញការងារអ្វីមួយ យើងត្រូវតែបង្រៀនគេសិន ទើបគេដឹងថាយើងចង់បានអ្វី ហើយធ្វើយ៉ាងម៉េចទើបល្អ។ បញ្ជា៖ យើងត្រូវចេះស្វែងយល់អំពីក្រុមការងារទាំងអស់ ហើយដាក់ពួកគេឱ្យត្រូវជំនាញ។ បញ្ជោរ៖ នៅពេលបុគ្គលិកធ្វើការបានល្អ យើងត្រូវចេះសរសើរ និង ផ្តល់ជូនរង្វាន់លើកទឹកចិត្ត ដើម្បីឱ្យពួកគេមានអារម្មណ៍រីករាយក្នុងការបំពេញការងារបន្ត។ បញ្ចោរ៖ ពេលបុគ្គលិកបំពេញការងារមិនល្អ យើងត្រូវចេះអញ្ជើញពួកគេមកទូន្មាន ដាស់តឿន ឬប្រឹក្សាយោបល់ទៅលើចំណុចផ្សេងៗដើម្បីជំរុញ និង អភិវឌ្ឍន៍ខ្លួន។ បញ្ឈប់៖ ប្រសិនបើបញ្ជា និង ជំរុញគ្មានប្រសិទ្ធភាព ចុងក្រោយគឺបញ្ឈប់ដើម្បីរកអ្នកថ្មីមកជំនួស៕