គ្រាន់តែរឿងមាន់ និង ពងមាន់មួយណាកើតមុនសោះ ឈ្លោះគ្នាបង្កជារឿងធំម្នាក់ត្រូវបង់ជីវិត ម្នាក់ដេកគុ-ក ១៨ ឆ្នាំ
មានករណីនៅប្រទេសឥណ្ឌូនេស៊ីមួយ ដែលបុរសម្នាក់បានលើកដៃចាក់សម្លាប់មិត្តខ្លួនឯងមិនប្រណី ក្រោយខឹងរឿងឆ្លើយសំណួរថា «មាន់ និង ពងមាន់មួយណាកើតមុន» មិនចេញ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតនៅកោះ Muna ខេត្ត Sulawesi Tenggara ប្រទេសឥណ្ឌូនេស៊ី។ ថ្ងៃកើតហេតុ បុរសជនរងគ្រោះបានទៅលេងផ្ទះជនបង្ក ដោយមានបំណងយកលុយទៅសង ខណៈសងរួចរាល់ហើយ ជនបង្កក៏បានបបួលជនរងគ្រោះទៅផឹកស្រានៅក្បែរផ្ទះជាមួយគ្នា។ នៅពេលផឹកនោះ ជនបង្កក៏បានសួរសំណួរទៅជនរងគ្រោះថា មាន់ និង ពងមាន់មួយណាកើតមុន ប៉ុន្តែជនរងគ្រោះឆ្លើយមិនចេញ ទើបនឹកឃើញចង់ទៅផ្ទះវិញ។ ខណៈនោះជនបង្កក៏បានដើរទៅផ្ទះរួចយកកាំបិតមកចាក់ជនរងគ្រោះចំនួន ១៥ ដង រហូតបណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។
យ៉ាងណាមិញ ជនបង្កបានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតមែន ដោយបានប្រើកាំបិតចាក់ ហើយមូលហេតុគឺដោយសារតែខឹងនឹងជនរងគ្រោះមិនព្រមឆ្លើយសំណួររបស់ខ្លួន។ ក្នុងនោះដែរ ជនបង្កត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ដោយប្រឈមនឹងការជាប់ទោសចំនួន ១៨ ឆ្នាំផងដែរ៕