ដំបូងគេ! AEON នៅជប៉ុន បំពាក់ប្រព័ន្ធ AI កំណត់ឱ្យបុគ្គលិកញញឹមឱ្យត្រូវស្ដង់ដារ ដើម្បីឱ្យការបម្រើសេវាកម្មកាន់តែល្អ
ខ្សែសង្វាក់ផ្សារទំនើបប្រចាំប្រទេសជប៉ុន AEON បានធ្វើការបំពាក់ប្រព័ន្ធ AI ដើម្បីវាយតម្លៃ និង កំណត់ស្ដង់ដារស្នាមញញឹមរបស់បុគ្គលិកខ្លួន ក្នុងបំណងជួយឱ្យពួកគេកាន់តែបំពេញសេវាកម្មល្អប្រសើរជាងមុន។
កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុន AEON បានធ្វើការប្រកាសថា ពួកគេបានក្លាយជាក្រុមហ៊ុនដំបូងគេ ដាក់ប្រើប្រាស់នូវប្រព័ន្ធ AI វាស់កម្រិតស្នាមញញឹម ដែលនឹងដាក់ប្រើនៅរាល់ផ្សារទាំង ២៤០ របស់ខ្លួនទូទាំងប្រទេស។ ប្រព័ន្ធ AI នោះដែរ ត្រូវបានគេដាក់ឈ្មោះឱ្យថា «Mr Smile» ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា InstaVR។
ឧបករណ៍ទំនើបនេះដែរ គឺអាចប្រើប្រាស់បានច្រើនជាង ៤៥០ មុខងារ ក្នុងនោះរួមមានការវាស់លើប្រតិកម្មទឹកមុខ កម្រិតសំឡេង និង កម្រិតសំឡេងដែលប្រើពេលស្វាគមន៍ភ្ញៀវ ជាដើម។ ពិសេសជាងនេះទៅទៀតនោះ វាថែមទាំងច្នៃមកជាមួយហ្គេមដាក់ពិន្ទុ ដែលអាចឱ្យបុគ្គលិកលេង ដើម្បីបង្កើនឥរិយាបថខ្លួនឱ្យកាន់តែល្អ។
ក្រុមហ៊ុន AEON បានបញ្ជាក់ថា ពួកគេបានដាក់ដំណើរការសាកល្បងប្រព័ន្ធនេះលើហាងចំនួន ៨ ទីតាំង ដោយមានបុគ្គលិកសរុបប្រមាណ ៣៤ ០០ នាក់ ហើយលទ្ធផលរកឃើញថា ឥរិយាបថបម្រើសេវាកម្មរបស់បុគ្គលិកខ្លួន គឺបានប្រសើរឡើង ១.៦ ដង ក្នុងរយៈពេលត្រឹម ៣ ខែ។
យ៉ាងណាមិញ ការដាក់ចេញច្បាប់ទម្លាប់ជាមួយបច្ចេកវិទ្យាថ្មីនេះដែរ ក៏បានទទួលប្រតិកម្មមិនពេញចិត្តពីមហាជនមួយចំនួនផងដែរ ដោយពួកគេចាត់ទុកវាជាការបំពានដល់បុគ្គលិកក្នុងកន្លែងការងារ។ តាមមហាជនម្នាក់បានលើកឡើងថា៖ «នៅពេលបុគ្គលិកបម្រើសេវាកម្ម ត្រូវគេបង្ខំឱ្យញញឹកឱ្យត្រូវតាមស្ដង់ដារ សម្រាប់ខ្ញុំវាមើលទៅដូចជាការបំពាន» ខណៈម្នាក់ទៀតបាននិយាយថា៖ «ការញញឹមគួរតែស្រស់ស្អាត ចេញពីចិត្ត និង មិនត្រូវគេចាត់ទុកដូចជាផលិតផល»។ ជាមួយគ្នានោះដែរ ក៏មានអ្នកប្រតិកម្មធ្ងន់ៗបន្ថែមថា៖ «មនុស្សគឺខុសគ្នា ហើយការបញ្ចេញទឹកមុខក៏ខុសគ្នាដែរ។ ការប្រើប្រាស់ម៉ាស៊ីនមកកំណត់ស្ដងដារឥរិយាបថមនុស្ស មើលទៅដូចឡប់ពេកហើយ»៕
ប្រភព៖ SCMP