បន្ទាន់! ក្រសួងអប់រំ យុវជន និង កីឡា ច្រានចោលព័ត៌មានការស្នើបញ្ជូលភាសាវៀតណាមចូលកម្មវិធីសិក្សា ជារឿងមិនពិត
កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានក្លែងក្លាយដែលថាក្រសួងបញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាផ្លូវការ។
តាមសេចក្តីប្រកាសព័ត៌មាន បានជម្រាបដល់សាធារណជនមេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ បន្ថែមពីនោះ ក្រសួងអប់រំ យុវជន និង កីឡា សូមប្រកាសបដិសេធ និង ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និង មានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់៕