អុញ! ស្រវឹងពេកទៅអង្គុយរំសាយទុក្ខជាមួយក្រពើ អង្អែលក្បាលលេងយ៉ាងស្និទ្ធ ហើយហៅវាថាម៉ែៗទៀត
សារព័ត៌មានបានរាយការណ៍ពីរឿងរ៉ាវមួយនៅប្រទេសឥណ្ឌា ដែលមានបុរសម្នាក់ស្រវឹងជោកពេក ទៅអង្គុយនិយាយរំសាយទុក្ខជាមួយនឹងសត្វក្រពើយ៉ាងទំនង ហើយថែមហៅម៉ែៗពេញមាត់ ព្រមទាំងអង្អែលក្បាលវាលេងទាំងមិនខ្ចីខ្លាចទៀត។
រឿងរ៉ាវមួយនេះបានកើតឡើងនៅរដ្ឋ Gujarat មនុស្សម្នាជាច្រើនដែលបានឃើញហេតុការណ៍នេះ ម្នាក់ៗភ័យបះសក់ជំនួសបុរសខាងលើមិនតិចឡើយ គេនាំគ្នានិយាយលួងលោមឱ្យដើរចេញមក តែបុរសនោះមិនស្តាប់ឡើយ។
បុរសនេះបានលើកដៃលើកជើងបញ្ជាក់ប្រាប់គេវិញថា ខ្លួនមិនខ្លាចនោះទេ ហើយក៏នៅអង្អែលសត្វក្រពើតទៀត តែជាសំណាងល្អ ក្រពើនោះមិនបានភ្ញាក់ផ្អើល ឬ បង្កគ្រោះថ្នាក់អ្វីដល់បុរសនោះឡើយ ដោយក្រោយពីវាមានអារម្មណ៍ថាមិនមានសុវត្ថិភាព វាក៏បានចូលទៅក្នុងទឹកវិញបាត់ទៅ។
យ៉ាងណាមិញ ឃ្លីបវីដេអូនេះបានធ្វើឱ្យមានការផ្ទុះចែកចាយច្រើនណាស់ក្នុងបណ្តាញអនឡាញ ម្នាក់ៗចាប់អារម្មណ៍ អ្នកខ្លះក៏ខ្លាច អ្នកខ្លះក៏មិននឹកស្មានថាក្រពើចិត្តល្អដល់ថ្នាក់នេះដែរ៕