អស្ចារ្យ និង ប្រណីតណាស់! ឈុតតំណាងជាតិបំពាក់លើ Miss Grand កែប ស្អាតខ្លាំង ឆ្លុះបញ្ចាំងពីរឿងរ៉ាវទាំងនេះ
នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand Cambodia 2023 បានឆ្លងដល់វគ្គបើកបង្ហាញឈុតតំណាងជាតិហើយ ឃើញថាអ្នកដែលនិយមតាមដានវិស័យបវរកញ្ញាមានការអន្ទះសាចង់ឃើញមិនតិចនាក់នោះឡើយ ដោយចង់ដឹងថានារាត្រីនេះបេក្ខភាពមួយណានឹងមានភាពលេចធ្លោ និង ឈ្នះក្នុងការប្រកួតឈុតតំណាងជាតិនេះ។
ខណៈនៅមិនប៉ុន្មានម៉ោងទៀត វគ្គប្រកួតឈុតតំណាងជាតិនឹងឈានចូលមកដល់ មានបេក្ខភាពប្រកួតខ្លះបានបង្ហាញឈុតតំណាងជាតិរបស់ខ្លួនជាបណ្តើរៗ។ តួយ៉ាងមុននេះបន្តិចគេឃើញក្រុមអ្នកច្នៃម៉ូដស្រមោល Fashion & Creative បានចេញមកបង្ហោះរូបភាពឈុតតំណាងជាតិខេត្តកែប ដែលគ្រោងដោយកញ្ញា សាន កេសី យ៉ាងស្រស់ស្អាត មានប្រណីតភាព និង មានអត្ថន័យល្អ។
បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេករបស់ក្រុមស្រមោលបាន បង្ហោះពីអត្ថន័យថា ៖ «ឈុត ខេមរាភោគិនី កែបជាធានី មនុស្សម្នាគ្រប់ទីតែងគិតរំពៃសង្ឃឹមបានឃើញទឹកដីល្អក្រៃរុក្ខាសត្វត្រី ដែនសមុទ្រឋាន។ សាគរសែនធំប្រជាចួបជុំលម្ហែកាយាបានចូលផ្សារក្តាម របស់ត្រៀបត្រាមានទាំងមច្ឆាស្រស់ល្អថ្មីៗ។ ដែនកែបនេះណាទូទាំងរដ្ឋា តែងបានជ្រាបច្បាស់ គេយកក្តាមសេះឥតប្រែក្រឡាស់ ពិតៗជាក់ច្បាស់តំណាងឱ្យខេត្ត។ ឈុតរាជធីតា ខាងមុខនោះណាមានរូបសម្គាល់ក្តាមសេះស្រីសចាំឥតពិភាល់ គ្រប់គ្នាបានស្គាល់ និង ចង់ចាំទុក។ ខាងក្រោយកញ្ញាបេតិកភណ្ឌដូនតា ប្រសើរក្រៃក្រាស់នាមជាកូនខ្មែររក្សាឱ្យច្បាស់កុំឱ្យព្រាត់ប្រាស់ក្រែងនឹកស្តាយក្រោយ។
ជាការពិតណាស់ សម្រាប់ឈុត (ខេមរាភោគិនី ) គឺជាឈុតមួយដែលបានរចនាឡើង ដោយលើកបង្ហាញពីសក្តានុពលទេសចរណ៍នៃខេត្តកែប ក៏ដូចជានិមិត្តរូបតំណាងឱ្យខេត្តដែលប្រជាជនខ្មែរទូទៅបានដឹងច្បាស់ជាសត្វក្តាមសេះ និង ស្រីស។ លើសពីនោះតួឈុតផ្នែកខាងក្រោយនៃនាងកញ្ញាបានពន្លេចឡើងនូវសម្បត្តិបេតិកភណ្ឌទាំង ៩ របស់ខ្មែរដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីពេលកន្លងទៅ ដើម្បីឱ្យកូនខ្មែរបានដឹង និង រក្សានូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្លួន។ ទន្ទឹមនឹងនោះ ការយកមកបង្ហាញនេះ គឺ ចង់ផ្សព្វផ្សាយទៅកាន់ពិភពលោកថាប្រទេសខ្មែរជាអរិយប្រទេសមួយដែលមានខឿនវប្បធម៌ដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និង សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌ពាសពេញផ្ទៃប្រទេស»៕