គួរឱ្យអាណិត! នារីម្នាក់ធ្វើការរហូតដល់អស់ជីវិត ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដាក់ច្បាប់មេមកព្យាបាល តែមេមិនព្រម
ថ្មីៗនេះ នៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែផ្ទុះការចែកចាយយ៉ាងក្តៅគគុកនូវរឿងរ៉ាវរបស់នារីម្នាក់ដោយបានធ្លាក់ខ្លួនឈឺ តែចៅហ្វាយមិនឱ្យដាក់ច្បាប់ ទើបនាងសុខចិត្តងើបទៅធ្វើការទាំងខ្លួនទ្រុឌទ្រោម រហូតដល់បាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះមានវ័យ ៣០ ឆ្នាំ នាងបានធ្លាក់ខ្លួនឈឺលើកទីមួយ នៅកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ និង បានចូលធ្វើការវិញនៅថ្ងៃទី ៩ ខែកញ្ញា ដោយកាលនោះនាងបានដាក់ច្បាប់ត្រឹមត្រូវ ដោយមានវិក័្កយប័ត្រពេទ្យជាមួយផង។
ក្រោយមកនាងបានធ្លាក់ខ្លួនឈឺម្តងទៀត នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ប៉ុន្តែលើកនេះចៅហ្វាយរបស់នាងមិនព្រមឱ្យដាក់ច្បាប់ឡើយ ទើបនាងក៏សុខចិត្តងើបមកធ្វើការទាំងទ្រុឌទ្រោម។ រហូតដល់ថ្ងៃចុងក្រោយ នាងបានចេញពីធ្វើការ រួចក៏បានទៅមន្ទីរពេទ្យហើយក៏បានបាត់ខ្លួនតែម្តង ក្រោយមកទើបអ្នករួមការងារបានដឹងថានាងបានបាត់បង់ជីវិតទៅហើយ។
យ៉ាងណាមិញ តាមស្វាមីរបស់នាងបានឱ្យដឹងថា នាងមានជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ ដោយគ្រូពេទ្យបានឱ្យថ្នាំហើយឱ្យសម្រាកនៅផ្ទះសិន ប៉ុន្តែនាងឈប់បានតែមួយថ្ងៃ នាងក៏ប្រឹងងើបទៅធ្វើការវិញ ដោយប្រាប់ថានាងចាំបាច់ត្រូវធ្វើ។ លុះថ្ងៃមួយនាងក៏ធ្លាក់ខ្លួនឈឺលើសដើម ដោយពេទ្យបានប្រាប់ថាពោះវៀននាងមានខ្ទុះច្រើនណាស់ ត្រូវវះកាត់យកចេញបន្ទាន់ តែជាអកុសលនាងក៏បានបាត់បង់ជីវិតទៅហើយ។ ដោយឡែក ពេលនេះខាងអាជ្ញាធរពាក់ព័ន្ធ កំពុងតែស៊ើបសួរខាងក្រុមហ៊ុនរបស់នាង ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ Sanook