![ទីបំផុត! បុរសតាំងខ្លួនជា «ព្រះពុទ្ធចាប់ជាតិ» ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១០ ឆ្នាំ ពីបទបំពានអនីតិជនក្នុងអាស្រម](https://www.popular.com.kh/wp-content/uploads/2024/07/feature-5.jpg)
ទីបំផុត! បុរសតាំងខ្លួនជា «ព្រះពុទ្ធចាប់ជាតិ» ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១០ ឆ្នាំ ពីបទបំពានអនីតិជនក្នុងអាស្រម
លោក Ram Bahadur Bomjan ដែលត្រូវបានគេដាក់ងារឱ្យថា «Buddha Boy» តាំងពីក្មេងមកនោះ ឥលូវនេះត្រូវបានតុលាការប្រទេសនេប៉ាល់ សម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ជុំវិញករណីបំពានអនីតិជនក្នុងអាស្រម។
បើតាមការបញ្ជាក់ពីលោក Sadan Adhikari មន្ត្រីតុលាការស្រុក Sarlahi នាភាគខាងត្បូងប្រទេសនេប៉ាល់ បានឱ្យដឹងកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅថា លោក Ram Bahadur Bomjan ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ និង ពិន័យជាសាច់ប្រាក់ចំនួន ៥០ ម៉ឺនរ៉ូពី (៣៧៤៣ ដុល្លារ)។ លោក Adhikari បានឱ្យដឹងទៀតថា ជនជាប់ទោសរូបនេះ គឺមានពេល ៧០ ថ្ងៃ ក្នុងការប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីការរបស់តុលាការ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP News។
គួររំឭកថា លោក Ram គឺទទួលបានភាពល្បីល្បាញតាំងពីលោកនៅក្មេង ដោយអះអាងថាខ្លួនអាចតាំងសមាធិធ្មឹងមិនកម្រើករាប់ខែ ដោយគ្មានការញ៉ាំអាហារ ផឹកទឹក ឬ ការគេងនោះឡើយ។ លោកក៏ត្រូវបានពលរដ្ឋជាច្រើនគោរពបូជា និង ចាត់ទុកជាព្រះពុទ្ធចាប់ជាតិទៀតផង។ ក្រោយមកលោក Ram ក៏ត្រូវបានគេចោទប្រកាន់ថាបានបំពានផ្លូវភេទទៅលើអនីតិជនដែលមកគោរពប្រតិបត្តិលោកក្នុងអាស្រម រហូតលោករត់គេចខ្លួនបាត់។
យ៉ាងណាមិញ ក្នុងខែមករាកន្លងទៅ ប៉ូលិសប្រទេសនេប៉ាល់ ក៏បានឃាត់ខ្លួនលោកជាប់ ក្នុងផ្ទះមួយកន្លែងនៅជាយក្រុង Kathmandu ដែលជាកន្លែងលោកលាក់ខ្លួន ពីការតាមចាប់ខ្លួនរបស់តុលាការនោះ៕