ស្អែកចូលខែថ្មី! លោកគ្រូចិនសែម៉ុង ចែករំលែកឆ្នាំចំនួន ២ ដែលត្រូវប្រុងប្រយ័ត្ន នៅក្នុងខែធ្នូ នេះ
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កៀកនឹងខែថ្មីខិតជិតមកដល់ លោកគ្រូចិនសែម៉ុងដែលគេស្គាល់ថាជាគ្រូហុងស៊ុយដ៏មានប្រជាប្រិយភាព បានចែករំលែកពីឆ្នាំចំនួន ២ ដែលត្រូវប្រុងប្រយ័ត្ននៅក្នុងខែធ្នូ ខាងមុខនេះ ដែលមានឆ្នាំមមី និង ឆ្នាំថោះ។
ក្នុងនោះ លោកគ្រូបានបញ្ជាក់ពីរឿងរ៉ាវមួយចំនួនដែលអាចកើតឡើងលើឆ្នាំទាំង ២ នៅក្នុងខែធ្នូ ខាងមុខ ព្រមទាំងបានបង្ហាញពីដំណោះស្រាយដូចខាងក្រោម ៖
១. ឆ្នាំមមី
អាចកើតចិត្តក្ដៅក្រហាយ ចិត្តមួម៉ៅខុសធម្មតា ចិត្តតក់ក្រហល់ ឆេវឆាវ អារម្មណ៍ពុះកញ្ជ្រោល បើចេះគ្រប់គ្រងល្អ អាចជាកម្លាំងជំរុញដល់អ្នកវិញលើការងារដែលអ្នកស្ទាក់ស្ទើរអាចធ្វើចេញបាន។ តែបើមិនចេះគ្រប់គ្រងទេ កំហឹង អារម្មណ៍ក្ដៅនោះ អាចបង្កជាទោសទណ្ឌនានាធ្ងន់ធ្ងរជាមិនខាន។
ថែមពីនេះ អ្នកត្រូវចេះប្រយ័ត្នគ្រោះថ្នាក់កើតចេញពីធាតុភ្លើង វត្ថុ ឬរបស់ក្ដៅៗ ដូចជាការរលាកភ្លើងនានា។ បើអ្នកដែលកំពុងមានជំងឺរលាកថ្លើម ពោះវៀន ឬរលាកគ្រឿងក្នុងណាមួយ ត្រូវយកចិត្តទុកដាក់បំផុត បើប្រហែសបន្តិចអាចវិវត្តន៍កម្រិតធ្ងន់ធ្ងរ។
ដំណោះស្រាយ ៖ លែងត្រីទឹកសាប ៨ ក្បាល ឬ ១២ ក្បាល ចូលប្រភពទឹកហូរ កាន់តែឆាប់កាន់តែល្អ អាចធ្វើបានពីពេលនេះទៅ។
២. ឆ្នាំថោះ
អាចងាយចាញ់បោកអ្នកដទៃ អាចងាយក្លាយជាមនុស្សដែលគេបោកប្រាស់ ឬបោកប្រើ អាចក្លាយជាស្ពានចម្លងអ្នកដទៃ ចុងក្រោយគេរុះស្ពាននោះចេញ អ្នកអាចខូចចិត្ត ឬខាតបង់ ឬអាចជាន់ដានអ្នកដទៃ។
ដំណោះស្រាយ ៖ ហូបស៊ុបក្ដៅ ហូបអាហារដែលក្ដៅៗ ឬងូតទឹកក្ដៅអ៊ុនៗឱ្យបានច្រើន អាចកែបញ្ហាខាងលើបានបន្តិចផងដែរ៕
ប្រភព ៖ ហុងស៊ុយ