ម៉ូដផ្កាធំៗនៅក្នុងពិភពហ្វេហ្សិន តាមពិតមានប្រវត្តិចេញពីវិចិត្រការិនីម៉ិកស៊ីក Frida Kahlo
បើនិយាយពីឈ្មោះ Frida Kahlo ជឿជាក់ថាប្រិយមិត្តមិនសូវជាស្គាល់នោះទេ ប៉ុន្តែបើនិយាយពីការតុបតែងម៉ូដសក់មានផ្កាធំៗ ពិសេសផ្កាពណ៌ក្រហម និង លេងឈុតសម្លៀកបំពាក់រំលេចក្បាច់បុរាណបែបសិល្បៈប្រពៃណី អាចថាប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានឃើញ និង ជាប់ចិត្តទៅលើស្ទីលមួយនេះ។ ពិតមែនទៅ ស្ទីលមួយនេះវាកើតចេញពីស្ត្រីម្នាក់ដែលជាវិចិត្រករដ៏ល្បីល្បាញរបស់ម៉ិចស៊ីកូ។ ថ្វីបើនាងបានលាចាកលោកប្រមាណ ៧០ ឆ្នាំទៅហើយក្តី ប៉ុន្តែរូបសម្រស់ និង ស្នាដៃសិល្បៈរបស់នាង ត្រូវបានអ្នកច្នៃម៉ូដជុំវិញពិភពលោកយកមកបំផុសគំនិត បង្កើតជាខូឡិកហ្សិនសម្លៀកបំពាក់ និង ការតុបតែងសម្រស់មកដល់សព្វថ្ងៃ។ ខណៈដែលអត្តសញ្ញាណរបស់នាងនៅតែមានឥទ្ធិពលនៅក្នុងពិភពហ្វេហ្សិន «ប្រជាប្រិយ» សូមលើកពីប្រវត្តិត្រួសៗរបស់នាងដូចខាងក្រោម៖
នៅអំឡុងឆ្នាំ ១៩០០ Frida Kahlo ត្រូវបានគេស្គាល់ថាជាសិល្បករគំនូរដ៏មានប្រជាប្រិយភាពបំផុតនៃប្រទេសម៉ិកស៊ីក។ នាងកើតនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ១៩០៧ នៅតំបន់ Coyoacán នៃទីក្រុង ម៉ិចស៊ីកូ ប្រទេសម៉ិកស៊ីក។ នាងមានឪពុកជនជាតិអាល្លឺម៉ងមានអាជីពជាអ្នកថតរូប។ ឪពុកនាងបានអន្តោប្រវេសន៍មកម៉ិកស៊ីក និង បានរៀបការជាមួយម្តាយរបស់នាងដែលមានឈាមជ័រពាក់កណ្តាលអាមេរិកាំង និង ពាក់កណ្តាលអេស្ប៉ាញ។
ជាកូនស្រីមិនសំណាងដូចបងប្អូនឯទៀត Frida Kahlo នាងមានបញ្ហាសុខភាពតាំងតែពីនៅក្មេង។ នាងបានកើតជំងឺស្វិតជើងតាំងពីអាយុ ៦ ឆ្នាំ ដោយត្រូវដេកព្យាបាលនៅលើគ្រែរយៈពេល ៩ ខែ។ ជំងឺមួយនេះបានធ្វើឱ្យជើងស្តាំរបស់នាងស្វិតម្ខាង។ ក្រោយពេលបានធូរស្បើយនាងតែងតែស្លៀកសំពត់វែងដើម្បីបិទបាំងវារហូតពេញមួយជីវិត។ ឪពុករបស់នាងបានលើកទឹកចិត្តឱ្យនាងលេងកីឡាជាច្រើនដើម្បីឱ្យប្រសើរឡើងផងដែរ។ នាងបានព្យាយាមលេងកីឡាមួយចំនួនដូចជា បាល់ទាត់ ហែលទឹក សូម្បីតែកីឡាបោកចំបាប់ដែលមិនមែនជាកម្លាំងធម្មតាសម្រាប់មនុស្សស្រី។
មកដល់អាយុ ១៨ ឆ្នាំ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ឡានក្រុង រហូតសម្រាកព្យាបាលរុំារ៉ៃរយៈពេលយូរ។ គ្រាព្យាបាលដ៏លំបាកនៅលើគ្រែនេះហើយ បានធ្វើឱ្យនាងរកឃើញខ្លួនឯងតាមរយៈការគូរគំនូរ ដែលបង្ហាញអំពីអត្តសញ្ញាណ ភាពឈឺចាប់ និង ការពុះពាររបស់នាង។ ស្នាដៃរបស់នាងត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការប្រើពណ៌ដិត និមិត្តសញ្ញា ភាពប្លែកភ្នែក ព្រមជាមួយការរួមបញ្ចូលធាតុផ្សេងៗនៃវប្បធម៌រុងរឿងរបស់ម៉ិចស៊ីកូ។
ចំពោះជីវិតគូវិញ Frida Kahlo នាងមានទំនាក់ទំនងជាមួយសិល្បករជនជាតិម៉ិកស៊ីកគឺ លោក Diego Rivera។ ជីវិតអាពាហ៍ពិពាហ៍មិនអំណោយផលដូចគេ ស្វាមីរបស់នាងជាបុរសមានចិត្តមិនស្មោះត្រង់ ដែលបានធ្វើឱ្យទំនាក់ទំនងមានភាពចម្រូងចម្រាសមិនចេះចប់។ តាមព័ត៌មានមួយចំនួនបានលើកឡើងដែរថា ដោយសារតែនាងខូចចិត្តនឹងស្វាមីមានស្រី នាងបានផ្លាស់ប្តូរខ្លួនឯងមកស្រលាញ់ស្រីដូចគ្នាផងដែរ។
ពេញមួយជីវិតគំនូររបស់ Frida Kahlo នាងត្រូវបានគេទទួលស្គាល់ទៅលើភាព Unique នៃសិល្បៈរបស់នាង ហើយនាងបានក្លាយជាស្ត្រីមួយរូបដែលតំណាងឱ្យស្ត្រីនិយម និង ចលនានៃអ្នកស្រលាញ់ភេទដូចគ្នា LGBTQ + ។ ទោះប្រឈមមុខនឹងការរើសអើងក្នុងនាមជាសិល្បករស្រីក៏ដោយ តែនាងបានតស៊ូ និងបន្សល់ទុកនូវមរតកដ៏យូរអង្វែង ដែលបន្តលើកទឹកចិត្តដល់សិល្បករ និងសកម្មជនជាច្រើនជំនាន់នៅទូទាំងពិភពលោក។
ក្រោយ Frida Kahlo បានលាចាកលោកនៅអាយុ ៤៧ ឆ្នាំ ពោល នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៥៤។ ខ្សែជីវិត និងស្នាដៃសិល្បៈរបស់នាងត្រូវបានគេយកទៅបង្ហាញតាមរយៈ ការតាំងពិព័រណ៍ ផលិតជាភាពយន្ត និងបោះពុម្ពសៀវភៅជាច្រើន ដែលលើកតម្កើងនាងជាសិល្បករមួយរូបដែលមានឥទ្ធិពលបំផុតនៅក្នុងស.វទី ២០។ ផ្ទះដែលជាកន្លែងកំណើតរបស់នាង ដែលមានឈ្មោះថា Casa Azul ឬ Blue House នៅតំបន់ Coyoacán នៅទីក្រុងម៉ិចស៊ីកូ សព្វថ្ងៃបានក្លាយជាសារមន្ទីរដែលបន្សល់អ្វីៗជាការចងចាំរបស់នាង និងការលះបង់របស់នាងទៅក្នុងពិភពសិល្បៈ និងវប្បធម៌។
មិនត្រឹមតែស្នាដៃសិល្បៈប៉ុណ្ណោះទេ លើសពីនេះ រូបសម្រស់ និងស្ទីលនៃការតុបតែងខ្លួនរបស់នាង ក៏មានឥទ្ធិពលទៅក្នុងពិភពហ្វេហ្សិន ដោយជារឿយៗអ្នកច្នៃម៉ូដជុំវិញពិភពលោក បានដកស្រង់យកមកបង្កើតជាខូឡិកហ្សិនសម្លៀកបំពាក់ ដូចជាឃើញមានជាក់ស្តែងនៅម៉ាក Givenchy, ម៉ាក DIOR, ម៉ាក Dolce & Gabbana និង ម៉ាក Carolina Herrera…ជាដើម។ សូម្បីតែតារាល្បីៗជុំវិញពិភពលោកក៏ជ្រើសរើសស្ទីលរបស់នាងមកលេងខ្លួនផងដែរ៕