សេចក្តីប្រកាសព័ត៌មាន ៖ កិច្ចប្រជុំកំពូលផ្នែកទីផ្សារក្រុមហ៊ុន Meta ឆ្នាំ ២០២២ សម្រាប់ការអភិវឌ្ឍទីផ្សារកាន់តែរីកចម្រើន
កិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេចសម្រាប់អនាគត
ប្រទេសកម្ពុជា ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមាន បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និង ស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បីស្វែងយល់ និង ពិភាក្សាអំពីបច្ចេកវិទ្យា និង និន្នាការដែលជះឥទ្ធិពលដល់អាជីវកម្មរបស់យើងនាពេលបច្ចុប្បន្ន ដូចជា កម្មវិធីផ្ញើសារសម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស និង ការធ្វើទីផ្សារ (Metaverse & Marketing), វិធីសាស្ដ្រលក់លើអនឡាញដោយណែនាំផលិតផលជូនដល់ភ្ញៀវ (Discovery Commerce), អ្នកបង្កើតមាតិកាសម្រាប់អាជីវកម្ម (Creators for Business) និង ផ្សេងៗទៀត។ កិច្ចប្រជុំកំពូលដែលជាព្រឹត្ដិការណ៍ប្រចាំឆ្នាំលើកទីបួននៅតំបន់អាស៊ីអាគ្នេយ៍នឹងពង្រីកវិសាលភាពទៅកាន់ប្រទេសទាំងនេះជាលើកដំបូងនាឆ្នាំនេះ។
កិច្ចប្រជុំកំពូលនេះនឹងមានការថ្លែងសុន្ទរកថាបើក ដោយលោកស្រី Michelle Klein ជាអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារជំនួញសកល និង លោក Benjamin Joe អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង ទីផ្សារកំពុងអភិវឌ្ឍ របស់ក្រុមហ៊ុន Meta ដែលនឹងថ្លែងអំពីអនាគតនៃចក្រវាឡនិម្មិត metaverse និង ឱកាសសម្រាប់អាជីវកម្ម ហើយអំពីរបៀបដែលក្រុមហ៊ុន Meta កំពុងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី metaverse តាមរយៈកិច្ចសហការជាមួយដៃគូឧស្សាហកម្ម អ្នកជំនាញ និង អ្នកបង្កើតគោលនយោបាយ។
បន្ទាប់ពីថ្លែងបើកកម្មវិធី លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយកគោលនយោបាយសាធារណៈសម្រាប់ទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta នឹងថ្លែងអំពីគំនិតស្នូលរបស់ក្រុមហ៊ុន Meta ក្នុងការបង្កើតផលិតផលដែលដើរតួជាស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនង ស្វែងរកសហគមន៍ និង បង្កើនអាជីវកម្មកាន់តែរីកចម្រើន ពោលគឺជាចំណុចប្រសព្វដែលអាជីវកម្ម និងសហគមន៍ជួបគ្នា។ អ្នកទាំងពីរក៏នឹងចែករំលែកគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល និង ការផ្លាស់ប្តូរទាំងស្រុងសម្រាប់អាជីវកម្មបែបទីផ្សារកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងនេះ ក៏ដូចជាបង្ហាញឱ្យកាន់តែច្បាស់នូវអាជីពដ៏គួរជាទីចាប់អារម្មណ៍ ដែលកែសម្រួលគំរូអាជីវកម្មរបស់ខ្លួនដើម្បីសម្របទៅនឹងបញ្ហាប្រឈមនានា។
លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta បានថ្លែងថា៖ «យើងមានក្តីរំភើបរីករាយក្នុងការរៀបចំកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ក្រុមហ៊ុន Meta នៅ ប្រទេសកម្ពុជា នាឆ្នាំនេះ។ ប្រធានបទកិច្ចប្រជុំកំពូលរបស់យើងឆ្នាំនេះគឺ ‘នៅពេលដែលថ្ងៃនេះជួបថ្ងៃស្អែក (Where today meets tomorrow)’ ដែលយើងនឹងពិភាក្សាអំពីនិន្នាការអភិវឌ្ឍ និងបច្ចេកវិទ្យាសំខាន់ៗ ដើម្បីជួយក្រុមហ៊ុនអាជីវកម្ម និងសហគមន៍ក្នុងការស្វែងរកឱកាសឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន និងជំរុញកំណើនសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះគឺជាឱកាសដ៏គួរឱ្យរំភើបមួយសម្រាប់ការដោះដូរគំនិត និងកាន់តែស៊ីជម្រៅ ក៏ដូចជាបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយអ្នកផ្សេងទៀត និងជួយឱ្យពួកគេដោះស្រាយបញ្ហាប្រឈមនៅថ្ងៃស្អែក»។
ថ្នាក់ដឹកនាំផ្នែកទីផ្សារលំដាប់ពិភពលោក និងក្នុងតំបន់ ដូចជា លោកស្រី Eva Chen អគ្គនាយករងផ្នែក Fashion Partnerships របស់ក្រុមហ៊ុន Meta និងលោក Gary Vaynerchuck អគ្គនាយកក្រុមហ៊ុន VaynerX និងជានាយកប្រតិបត្ដិក្រុមហ៊ុន VaynerMedia ក៏នឹងចូលរួមផងដែរដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗដូចជា៖
● ការតភ្ជាប់ទំនាក់ទំនងតាមរយៈ Discovery Commerce ៖ សារសំខាន់នៃការស្វែងរកអតិថិជនតាមរយៈការច្នៃប្រឌិត និងរបៀបដែលក្រុមហ៊ុនអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេតាមរយៈបទពិសោធផ្ទាល់ខ្លួនដោយប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាដែលត្រឹមត្រូវ។
● លើកកម្ពស់ភាពជោគជ័យរបស់សហគ្រិន ៖ របៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ផ្តល់អំណាចដល់ក្រុមហ៊ុនអាជីវកម្មខ្នាតតូច និង មធ្យមនៅទូទាំងឧស្សាហកម្មចម្រុះ ដើម្បីនវានុវត្ដ ផ្សារភ្ជាប់ទំនាក់ទំនង និងរីកចម្រើនប្រកបដោយនិរន្តរភាព
● ការបំផុសគំនិតច្នៃប្រឌិតលើបណ្តាញសង្គម ៖ របៀបដែលម៉ាកយីហោ និងអ្នកបង្កើតមាតិកាអាចប្រើប្រាស់ទម្រង់ Reels និង វីដេអូ (Reels and video formats) ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងនិរន្តរភាពជាមួយអ្នកផ្សេងទៀតតាមរយៈបទពិសោធរៀបរាប់រឿងរ៉ាលម្អិត និង សម្បូរបែប។
កិច្ចប្រជុំកំពូលផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងតាមអនឡាញ ហើយលោកអ្នកអាចជ្រើសរើសរបៀបនៃការចូលរួមក្នុងកិច្ចប្រជុំនេះបានតាមជម្រើសបីប្រភេទដូចខាងក្រោម ៖
● ទីមួយ លោកអ្នកអាចមើលកិច្ចប្រជុំពេញលេញនៅថ្ងៃស្អែកនេះ ជាមួយកម្មវិធីនៅលើកុំព្យូទ័រ ដូចជា កម្មវិធីសំណួរ និងចម្លើយផ្ទាល់ជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Meta ក្នុងការឆ្លើយសំណួររបស់លោកអ្នក។
● ទីពីរ ប្រសិនបើលោកអ្នកចង់មើលតែវគ្គជាក់លាក់ណាមួយ ឬការរុករកអ្វីផ្សេងៗទៀត លោកអ្នកអាចចូលទៅកាន់បណ្ណាល័យ Watch Anytime របស់យើងដែលលោកអ្នកចូលទៅប្រើប្រាស់មាតិកាគ្រប់បែបយ៉ាង។
● ទីបី ប្រសិនបើលោកអ្នកមិនមានពេលវេលា ឬ កំពុងធ្វើដំណើរ លោកអ្នកអាចស្តាប់ផតខាសត៍ (podcasts) របស់យើងបានជាមួយនឹងការសង្ខេបខ្លីៗអំពីមាតិកាសំខាន់របស់យើង។
ជម្រើសទាំងនេះមាននៅលើគេហទំព័ររបស់កិច្ចប្រជុំកំពូលផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meta នៅ ប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី ២៩ ខែកញ្ញារហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២៕