មកស្គាល់លោកស្រី ណាម ភឹង អ្នកសិល្បៈល្បីនៅខេត្តសុរិន្ទ ល្បីខាងច្រៀងបទកន្ទ្រឹមសំនៀងភាសាខ្មែររដឺន
លោកស្រី ណាម ភឹង គឺជាវីរៈសិល្បការិនីល្បីម្នាក់កំពុងរស់នៅខេត្តសុរិន្ទ ប្រទេសថៃ។ តារាចម្រៀងស្រីជើងចាស់រូបនេះ តែងបានប្រើប្រាស់សំនៀងភាសាខ្មែររដឺនៗក្នុងការផលិតបទចម្រៀងរបស់ខ្លួន។ លោកស្រី ណាម ភឹង កើតនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ១៩៧០ បច្ចុប្បន្នមានអាយុ ៥២ ឆ្នាំហើយ។
ជាការពិត សិល្បករជើងចាស់ថៃរូបនេះពិតជាមានឈ្មោះល្បីល្បាញខ្លាំងណាស់ រហូតលោកស្រី ណាម ភឹង ត្រូវបានគេដាក់រហស្សនាមឱ្យថា «រាជិនីកន្ទ្រឹមខេត្តសុរិន្ទ» ព្រោះថាលោកស្រីគឺជាអ្នកចម្រៀងផ្នែកកន្ទ្រឹមនៅខេត្តសុរិន្ទ ប្រទេសថៃ។
ក្នុងជីវិតសិល្បៈ ដ្បិតថាទម្រង់តន្ត្រីបុរាណដូចជាភ្លេងកន្ទ្រឹមនេះមិនសូវទទួលបានការគាំទ្រដូចសិល្បៈតន្ត្រីសម័យក្តី តែលោកស្រី ណាម ភឹង នៅតែបន្តឆន្ទៈថែរក្សានូវសម្បត្តិមរតកតន្ត្រីពីដូនតារបស់ខ្លួនដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ភាសាខ្មែរដែលជាភាសាដើមមួយនៃអ្នកស្រុកខេត្តសុរិន្ទនៅតែត្រូវបានលើកតម្កើងតាមរយៈស្នាដៃផ្សេងៗរបស់លោកស្រី ហើយលោកស្រីក៏បន្តបណ្ដុះបណ្តាលដល់ក្មេងៗថៃជំនាន់ក្រោយថែមទៀតផង៕