(វីដេអូ) ក្រៅពីមមាញឹកលើការងារសិល្បៈ សុវត្ថិ មន្នីវណ្ណ ក៏បំពេញតួនាទីយ៉ាងសកម្មក្នុងជួរមន្រ្តីរាជការ
ចំពោះតារាចម្រៀងប្រុសរូបសង្ហា សុវត្ថិ មន្នីវណ្ណ បច្ចុប្បន្នអាចចាត់ទុកជាតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈចម្រៀង ដោយមានសមត្ថភាពទេពកោសល្យ ទាំងការច្រៀង ទាំងជំទាញផ្នែករាំ និង ការលេងឧបករណ៍តន្រ្តីសម័យមួយចំនួន។
លើសពីនេះ មន្នីវណ្ណ ក៏ត្រូវបានមហាជនប្រុសស្រីចាប់អារម្មណ៍ និង សរសើរខ្លាំងពីរូបសម្រស់របស់លោក ដែលមានរូបរាង មុខមាត់ស្រស់ស្អាតមានមន្តស្នេហ៍ និង មានស្ទីលនៃការតុបតែងខ្លួនយ៉ាងទាក់ទាញទៀតផង។
យ៉ាងណាមិញ ក្រៅពីជាតារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យ និង រូបសម្រស់ស្រស់សង្ហា សុវត្ថិ មន្នីវណ្ណ ត្រូវបានគេដឹងថារូបលោកក៏មានការងារក្រៅសិល្បៈដែរ។ ក្នុងនោះ បើតាមរយៈការបង្ហោះវីដេអូក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានរបស់លោក គឺជាអនុសេនីយ៍ត្រី ដែលមានតួនាទីមុខងារជាកងទ័ពជើងគោកម្នាក់នៃកងយោធពលខេមរភូមិន្ទ។
លើសពីនេះ ថ្មីៗនេះ ស្របពេលមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ពីតួនាទីការងារក្រៅសិល្បៈរបស់ខ្លួន ក៏បានឃើញ សុវត្ថិ មន្នីវណ្ណ បង្ហាញពីរូបភាពនៃសកម្មភាពខ្លះៗទាក់ទងនឹងការងារក្នុងជួរមន្រ្តីរាជការរបស់លោក ដែលឃើញថាដ្បិតតែកន្លងមកលោកមមាញឹកនឹងការងារសិល្បៈពិតមែន ប៉ុន្តែរូបលោកក៏បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងជួរកងទ័ព ព្រមទាំងតែងចូលរួមធ្វើការងារសង្គមផ្សេងៗជាច្រើន លះបង់ទាំងកម្លាំងកាយ និង ថវិកាផងដែរ៕