ពូកែមែន! កូនខ្មែរអ្នកផលិតសាប៊ូស្ពៃ ត្រៀមចេញសាប៊ូស្ពៃអប់ក្លិនផ្ការំដួល ក្រោយចាយពេលស្រាវជ្រាវរូបមន្ត ៣ ឆ្នាំ
ជារឿងដ៏គួរឱ្យស្ងើចសរសើរ ដោយបន្លែស្ពៃក្រញាញ់ត្រូវបានកូនខ្មែរពួតដៃគ្នាច្នៃឱ្យចេញជាសាប៊ូដុសខ្លួន លាងមុខ និង កក់សក់ ដាក់លក់នៅលើទីផ្សារ និង ទទួលបានការគាំទ្រខ្លាំង ខណៈគម្រោងកែច្នៃសាប៊ូស្ពៃនេះ ត្រូវបានដឹកនាំដោយស្ត្រីម្ចាស់គណនីឈ្មោះ នុត សម្ផស្ស / Nut Samphois ដោយមានការចូលរួមពីលោកស្រីបណ្ឌិត ហ៊ួង ពានី ព្រមទាំងក្រុមវិស្វករគីមីវ័យក្មេងប្រចាំអិលអេសវី និង និស្សិតហាត់ការច្រើននាក់ទៀត។
ថ្មីៗនេះផងដែរ កូនខ្មែរផ្ដើមគំនិតផលិតសាប៊ូស្ពៃរូបនេះ បានបញ្ជាក់ឱ្យដឹងថា អ្នកស្រីចង់ឱ្យប្រើផ្កាខ្មែរក្នុងផលិតផលសាប៊ូស្ពៃ ព្រមទាំងសួរបញ្ជាក់ទៅកាន់មហាជនថា ៖ «បើនាងខ្ញុំប្រើក្លិនផ្ការំដួល (ប្រេងផ្ការំដួល) លាយម្លិះបន្តិច នៅក្នុងសាប៊ូស្ពៃ តើបងប្អូនគាំទ្រទេ?»។
លោកស្រីបានបន្តឱ្យដឹងទៀតថា ដោយសារមានបងប្អូនខ្លះលើកជាយោបល់ទាក់ទងនឹងការប្រើក្លិនផ្កាខ្មែរសម្រាប់ផលិតផលសាប៊ូស្ពៃ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ ទើបលោកស្រីបញ្ជាក់ឱ្យដឹងថា ក្នុងរោងចក្រខ្លួនគឺមានក្លិនផ្ការំដួល ដែលជាផ្កាតំណាងកម្ពុជា ហើយក្លិនផ្ការំដួលនេះមានតែនៅរោងចក្រ អិលអេសវី តែមួយប៉ុណ្ណោះ ព្រោះសរសេររូបមន្តដោយខ្លួនឯង ខណៈខ្លួនបានចំណាយពេលវេលាបីឆ្នាំ (ខែវិច្ឆិកា ២០១១ ដល់ ខែវិច្ឆិកា ២០១៤) ដើម្បីស្រាវជ្រាវ និង ចងក្រងជារូបមន្តក្លិនផ្ការំដួល ដោយមានការចូលរួមពីអ្នកជំនាញក្លិនអន្តរជាតិ។
អ្នកស្រីបានបន្តថា មូលហេតុដែលខ្លួនព្យាយាមបង្កើតក្លិនផ្ការំដួលនេះឡើង គឺចង់លើកស្ទួយផ្កាដែលជាតំណាងប្រទេសកម្ពុជាយើង ឱ្យកូនខ្មែរបានស្គាល់ និង បានប្រើប្រាស់ ភ្ជាប់ជាមួយសារបញ្ជាក់ចុងក្រោយថា ៖ «តើបងប្អូនគាំទ្រទេ? បើបងប្អូនគាំទ្រ នាងខ្ញុំនឹងចាប់ផ្តើមផលិតភ្លាម នូវសាប៊ូស្ពៃអប់ជាមួយក្លិនផ្កាខ្មែរ»៕