ត្រូវប៉ុន្មានភាគរយដែរ? ការសិក្សាថ្មីរកឃើញថា ៤៨ ភាគរយនៃមនុស្ស តែងតែលួចស្រឡាញ់អ្នកធ្វើការជាមួយគ្នា
មានឆ្ងល់ដែរថាហេតុអ្វីបានជាមនុស្សមួយចំនួន តែងគេចស្នេហា ឬ ការលួចស្រឡាញ់នរណាម្នាក់នៅកន្លែងធ្វើការមិនបាន យ៉ាងហោចណាស់ក៏ធ្លាប់មានម្តងក្នុងជីវិត ដែលអាចឱ្យរំឭកនឹកឃើញរហូតដែរ។
យ៉ាងណាមិញ ទាក់ទងជាមួយគ្នានេះការសិក្សាមួយបានផ្តល់ចម្លើយហើយថា តាមពិតទៅ ៤៨ ភាគរយនៃមនុស្ស គឺតែងតែលួចស្រឡាញ់អ្នករួមការងារជាមួយគ្នា។ ដោយការសិក្សានេះ បានបង្ហាញថា ប្រទេសអាមេរិកបានរកឃើញថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បន្ទាប់ពីមនុស្សម្នាបានត្រឡប់មកធ្វើការនៅក្នុងជាធម្មតាវិញ គេសង្កេតឃើញការមានស្នេហានៅកន្លែងធ្វើការក៏កាន់តែកើនឡើង។
ជាក់ស្តែង គេបានធ្វើការសិក្សាទៅលើមនុស្ស ៥៥០ នាក់ ដោយលទ្ធផលបានបង្ហាញថា មនុស្ស ១ នាក់ ក្នុងចំណោម ៣ នាក់ គឺលួចស្រឡាញ់អ្នករួមការងារ ដែលធ្វើឱ្យអត្រាការមានស្នេហានៅកន្លែងធ្វើការកើនឡើង ៦ ភាគរយ តាំងពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅ។
ការសិក្សាបានឱ្យដឹងទៀតថា ទាំងនេះគឺដោយការតែភាពជិតស្និទ្ធ ពោលគឺអ្នកធ្វើការជាមួយគ្នា ប្រើប្រាស់ពេលវេលាជាមួយគ្នា ឃើញមុខគ្នារាល់ថ្ងៃ ច្រើនជាងមិត្តភក្តិរៀងៗខ្លួនដល់ទៅ ៤ ដងឯណោះ ដែលធ្វើឱ្យកាន់តែយល់ពីគ្នាទៅវិញមក ទាំងការគិត អារម្មណ៍ ឬ អត្តរិតផ្សេងៗរវាងគ្នា និង គ្នា។ ដូចនេះមិនឆ្ងល់ឡើយ ថាហេតុអ្វីបានជាមានស្នេហាកើតឡើង។
យ៉ាងណាមិញ ការលួចស្រឡាញ់នរណាម្នាក់ ឬ មានស្នេហានៅកន្លែងធ្វើការ មិនមែនជារឿងប្លែកឡើយ ជាក់ស្តែងមានបុគ្គលល្បីច្រើនណាស់ ដែលជាប់ស្នេហ៍ជាមួយអ្នកធ្វើការជាមួយគ្នា ដូចជា Barack Obama និង ភរិយា Michelle Obama ព្រមទាំង Bill Gates និង ភរិយា Melinda Gates ផងដែរ គឺអ្នកទាំងនេះសុទ្ធតែធ្លាប់ធ្វើការជាមួយគ្នាតាំងពីវ័យនៅក្មេងៗ៕