ស្មានតែសម្តែង កញ្ញា Thank You ត្រូវដុកទ័រសុំរៀបការពិតមែន លើភ្នំទឹកកកនៅនូវែសេឡង់
ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់រួចមកហើយនូវនារីជនជាតិថៃ នាង AON (អន) ឬ Aonsomrutai ដែលជារឿយៗនាងតែងបង្ហោះវីដេអូ សម្តែងធ្វើជាទិញអីវ៉ាន់សបភីងរបស់ប្រ៊េនៗ ម៉ៅយកម្តងសឹងអស់ពីហាង ដែលតាមពិតនាងសម្តែងដើម្បីធ្វើមាតិកាខ្លួនឯងផង ផ្សព្វផ្សាយឱ្យគេផង ជាពិសេសផ្សាយពីហាងលក់កាបូបប្រ៊េនរបស់នាងផងដែរ។ ទន្ទឹមនឹងការសម្តែង យូរៗម្តងនាងក៏បានបញ្ចូលតួអង្គដុកទ័រម្នាក់ សម្តែងធ្វើជាគូស្នេហ៍ ដែលផ្គាប់ផ្គុននាងគ្រប់យ៉ាងមិនឱ្យទាស់ចិត្ត។
អ្វីៗធ្លាប់គិតជាការសម្តែង តែឥលូវនេះវាបានក្លាយជាការពិត ដែលថ្មីៗនេះ នាង AON ត្រូវបានដុកទ័រនៅក្នុងវីដេអូ សុំរៀបការយ៉ាងរ៉ូមែនទិកនៅឯបរទេស។ ជាក់ស្តែង តាមការបង្ហោះនៅលើគណនី Instagram របស់ AON កន្លងទៅប៉ុន្មានថ្ងៃមុន នាង និង ដុកទ័រ ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរទៅកម្សាន្តនៅឯប្រទេសនូវែសេឡង់។ ក្រៅពីដើរកម្សាន្តតាមទីក្រុងនានា ដុកទ័របាននាំ AON ជិះឧទ្ធម្ភាគចក្រ ឡើងទៅលើភ្នំទឹកកកនៃទីក្រុង Queenstown បន្ទាប់មកសុំនាងរៀបការនៅទីនោះតែម្តង។ នៅក្នុងវីដេអូ នាងពិតជារំភើបចិត្ត ដោយនិយាយថា Yes ឬយល់ព្រម ហើយផ្តល់ស្នាមថើបដល់ដុកទ័រដែលជាគូស្នេហ៍ផងដែរ។
តាមរយៈការបង្ហោះនេះ មានមិត្តភក្តិ និង សិល្បករជាច្រើនបានចូលទៅ Comment អបអរសាទរអ្នកទាំងពីរផងដែរ។ ជាពិសេស ដុកទ័របានបង្ហោះរូបភាពផ្លូវការនៅលើបណ្តាញសង្គមទាំងក្នុង Instagram និង Facebook ធ្វើឱ្យអ្នកដែលតែងតែតាមដាន មានការភ្ញាក់ផ្អើលជាខ្លាំង។ គួរឱ្យដឹងដែរថា នាង AON ជាសហគ្រិនវ័យក្មេងដ៏មានឥទ្ធិពលនៅប្រទេសថៃ។ នាងជាសហស្ថាបនិកក្រុមហ៊ុនដ៏ធំ SF Brandname ដែលលក់ផលិតផលប្រណីតមួយទឹក សុទ្ធសឹងម៉ាកល្បីៗមកពីជុំវិញពិភពលោក។ នាងក៏មានហាងលក់កាបូបប្រ៊េនផ្ទាល់ខ្លួនឈ្មោះថា perrine porter និង មានជំនួញមជ្ឈមណ្ឌលកែសម្ផស្សផងដែរ។ ចំណែក ដុកទ័រជាគូស្នេហ៍ត្រូវបានគេស្គាល់ឈ្មោះថា Nopparat ជាអ្នកជំនួញល្បីឈ្មោះ ជាគ្រូពេទ្យកែសម្ផស្ស និង ជាម្ចាស់គ្លីនិកកែសម្ផស្ស Nopparat Cosmetic Clinic ដ៏ល្បីនៅក្នុងប្រទេសថៃ៕