បុរសៗ! បើចង់បានមេជីវិតល្អបង្កកំណើតលឿន ត្រូវអនុវត្តតាមវិធីទាំងនេះ
មេជីវិតបុរសអាចបញ្ចេញម្តងៗបានរាប់រយលានក្បាល ខណៈដែលមេជីវិតតែមួយក្បាលប៉ុណ្ណោះដែលអាចមានលទ្ធភាពបង្កកំណើត។ កាលណាមេជីវិតឈ្មោលល្អ ការបង្កកំណើតជាមួយពងញីក៏នឹងឆាប់បានប្រសិទ្ធភាពផងដែរ។ ដូចនេះ បើបុរសៗកំពុងត្រៀមមានកូន ហើយចង់បង្កកំណើតបានលឿន អ្នកគួរគប្បីអនុវត្តតាមចំណុចមួយចំនួនមានដូចជា៖
១. របបអាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants)
អ្នកប្រហែលជាធ្លាប់បានដឹងមកហើយថា សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាអាវុធចម្បាំងនឹងជំងឺមហារីក និងជំងឺបេះដូង ហើយជាមួយគ្នានេះវាក៏ជាប្រភពជំរុញដល់លទ្ធភាពមានកូនផងដែរ។ អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា បុរសដែលប្រើ Supplement សារធាតុប្រឆាំងអុកស៊ីតកម្ម អាចជៀសពីការបំផ្លាញ DNA មេជីវិត ច្រើនជាងបុរសដែលមិនប្រើ។ និយាយរួម ប្តីប្រពន្ធដែលមានលទ្ធភាពមានកូនខ្ពស់ គឺនៅពេលដែលបុរសដៃគូបានទទួលយកបន្ថែមនូវ supplement ឬ អាហារដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។
២. រួមភេទញឹកញាប់
ប្រសិនបើចង់មានកូនឆាប់ អ្នកត្រូវរួមភេទនៅអំឡុងពេលដែលពងញីធ្លាក់។ ការរួមភេទញឹកញាប់ពេញមួយខែក៏ជួយជំរុញលទ្ធភាពមានកូនផងដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវបានលើកឡើងដែរថា ការតមរួមភេទរយៈពេលខ្លី អាចមានប្រយោជន៍ធ្វើឱ្យមេជីវិតមានសុខភាពល្អ។ មានន័យថា មុនពេលពងញីធ្លាក់គួរតមសិន ដល់ពេលពងញីធ្លាក់ ចាប់ផ្តើមសម្រុកតែម្តង។
៣. ទទួលទានសណ្តែកសៀងក្នុងកម្រិតសមល្មម
សណ្តែកសៀងត្រូវបានរកឃើញនៅក្នុងតៅហ៊ូ គ្រឿងផ្សំក្នុងភេសជ្ជៈសុខភាព និងម្សៅប្រូតេអ៊ីនជាច្រើនទៀត។ ខណៈការស្រាវជ្រាវមួយចំនួនបានជំរុញឱ្យទទួលទានសណ្តែកសៀងដើម្បីបង្កើនលទ្ធភាពមានកូន តែការសិក្សាផ្សេងទៀតបានអះអាងថា សារធាតុ phytoestrogens ដែលរកឃើញនៅក្នុងសណ្តែកសៀង និងផលិតផលធ្វើពីសណ្តែកសៀង អាចប៉ះពាល់ដល់ការផលិតទាំងមេជីវិតញី និងឈ្មោល។ ជាការសិក្សា និងសន្មតចុងក្រោយ អ្នកជំនាញបានផ្តល់ដំបូន្មានឱ្យទទួលទានសណ្តែកសៀងទៅតាមកម្រិតកំណត់ ឬបរិមាណសមល្មម ដោយសារការទទួលទានច្រើនពេកអាចប៉ះពាល់ដល់លទ្ធភាពមានកូន។
៤. ហូបបន្លែផ្លែឈើស្រស់
របបអាហារសុខភាពល្អមានប្រយោជន៍ជួយជំរុញដល់លទ្ធភាពមានកូនរបស់បុរស។ អាហារល្អបំផុតសម្រាប់សុខភាពមេជីវិតឈ្មោល ក្រៅពីសាច់ត្រី និងសាច់មាន់ ទន្ទឹមគ្នានេះមានបន្លែផ្លែឈើស្រស់ រួមជាមួយគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិផងដែរ។
៥. ឈប់ជក់បារី
សម្រាប់បុរស ការជក់បារីអាចបង្កផលអាក្រក់ដល់មេជីវិតដូចជា៖ សុខភាពមេជីវិតចុះខ្សោយ ចំនួនមេជីវិតថយ សមត្ថភាពមេជីវិតហែលខ្សោយ និងមេជីវិតមានរូបរាងមិនពេញលេញ។ មួយវិញទៀត បើស្ត្រីជាអ្នកស្រូបផ្សែងបារី វាក៏ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពមានកូនផងដែរ។ ដូចនេះបើឈប់បាន គួរឈប់ ព្រោះបារីមិនដែលផ្តល់ផលល្អចំពោះសុខភាពឡើយ។
៦. កាត់បន្ថយការផឹកស្រា
សម្រាប់អ្នកទម្លាប់ផឹកស្រាជាប្រចាំ បើគម្រោងយកកូន គួរកាត់បន្ថយ ឬឈប់ផឹកតែម្តងកាន់តែល្អ។ ការប្រើប្រាស់ជាតិអាកុលច្រើនអាចបណ្តាលឱ្យចំនួនមេជីវិតធ្លាក់ចុះ មេជីវិតមានរូបរាងមិនពេញលេញ និងមេជីវិតខ្សោយក្នុងការហែល។
៧. ចាកចេញពីជាតិពុល
ការស្រាវជ្រាវបានបង្ហាញថា ចំពោះបុរសពិបាកមានកូនក៏អាចមកពីស្ថានភាពកន្លែងធ្វើការជាក់លាក់មួយចំនួនផងដែរ។ តួយ៉ាង ការងារដែលប្រឈមជាតិគីមីដូចជា វិចិត្រករ កសិករ និងជាងបាញ់ថ្នាំ គឺជាការងារដែលប្រឈមចំនួនមេជីវិតថយចុះបំផុត។ ចំណែកជាងដែកជាការងារដែលធ្វើឱ្យមេជីវិតចុះខ្សោយសមត្ថភាពហែល ដោយហេតុតែប្រឈមកម្តៅខ្លាំង៕