ក្តៅៗ! គិលានុបដ្ឋាយិកាម្នាក់ ត្រូវគេចាប់បានក្រោយប្រើល្បិចបន្លំចូលទៅកន្លែង Jin ហាត់ទាហាន
យោងតាមការចុះផ្សាយរបស់ Allkpop បានរាយការណ៍ថា Jin សមាជិក BTS ត្រូវបានគិលានុបដ្ឋាយិកាម្នាក់ បានបំពានច្បាប់យោធានៅក្នុងកន្លែងដែលតារាប្រុសរូបនេះកំពុងប្រចាំការ។
តាមព័ត៌មានបានឱ្យដឹងថា គិលានុបដ្ឋាយិកាដែលជាជនសង្ស័យនេះ ត្រូវបានគេសង្ស័យថាបាននាំយកថ្នាំជាច្រើនទៅដល់កងពលលេខ ៥ ដែលជាអង្គភាព Jin កំពុងហ្វឹតហាត់ ដែលព័ត៌មាននេះបានធ្វើឱ្យក្រុមអ្នកគាំទ្រ BTS សម្ដែងការព្រួយបារម្ភជាខ្លាំង។
ប្រភពដដែលបានបន្តថា គិលានុបដ្ឋាយិកានោះដំបូងឡើយធ្វើការនៅក្នុងកងពលលេខ ២៨ ប៉ុន្តែកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះ រូបគេបានចេញពីកន្លែងធ្វើការទាំងក្នុងម៉ោងការងារ ដោយនាងបានប្រើលេសថាទៅចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាម ហើយក៏បានបើកឡានទៅកាន់កងពលធំលេខ ៥ ដើម្បីចូលទៅជិត Jin តែម្តង។
ដូចការរំពឹងទុកមែន ផែនការរបស់នាងក៏បានសម្រេចដោយសារនាងបានស្គាល់ និង ស្និទ្ធស្នាលជាមួយគិលានុបដ្ឋាយិកាម្នាក់ទៀតនៅក្នុងកងពលនោះជួយសម្រួលដល់នាង ដើម្បីមានឱកាសបានទៅជិត Jin។ ជាមួយគ្នានោះដែរ គិលានុបដ្ឋាយិកាខាងលើក៏ត្រូវបានគេសង្ស័យថា បាននាំយកថ្នាំក្នុងបរិមាណច្រើនទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជ្រើសរើសបុគ្គលិកកងពលធំលេខ ៥ ទៀតផង។
ហេតុនេះហើយ ទើបគិលានុបដ្ឋាយិកានៅក្នុងកងពលលេខ ២៨ រូបនេះ ត្រូវបានគេស៊ើបអង្កេតពីបទព្យាយាមចូលទៅជិត Jin សមាជិក BTS ដោយខុសច្បាប់នៅក្នុងជួរកងទ័ព។
គួរឱ្យដឹងដែរថា Jin គឺជាបងធំរបស់ BTS ដែលបានចូលបម្រើក្នុងជួរកងទ័ពមុនគេ ហើយបើតាមប្រភពពី TV Chosun កាលពីខែមករា ឆ្នាំ ២០២៣ កន្លងទៅ Jin ត្រូវបានគេតែងតាំងជាជំនួយការហ្វឹកហ្វឺនយោធានៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Yeoncheon Key Recruit ដែលជាផ្នែកមួយនៃកងពលធំថ្មើរជើងលេខ ៥ តែម្ដង៕