ថ្មីបំផុត! អាល្លឺម៉ង់ផលិតស្រាបៀរប្រភេទថ្មីជាម្សៅឆុងជាមួយទឹក មាន ៤០ រសជាតិ ឆុងភ្លាមផឹកភ្លាម
ថ្មីៗនេះ អាល្លឺម៉ង់បានរកឃើញរបកគំហើញថ្មី ក្នុងការផលិតស្រាបៀរជាម្សៅដំបូងគេបង្អស់ក្នុងពិភពលោក ដែលមានប្រយោជន៍ជាច្រើន និង ធ្វើឱ្យអ្នកហូបកាន់តែងាយស្រួលថែមមួយកម្រិតទៀត។
ស្រាបៀរម្សៅនេះ ត្រូវបានផលិតឡើងដោយរោងចក្រផលិតស្រាបៀរ Klosterbrauerei Neuzelle នាប្រទេសអាល្លឺម៉ង់ ដែលអ្នកចាត់ការបានឱ្យដឹងថា ការផលិតជាម្សៅបែបនេះ អាចជួយកាត់បន្ថយទៅដល់ការដឹកជញ្ជូនបាន ដែលវាក៏ធ្វើឱ្យឧស្ម័នកាបូនឌីអុកស៊ីត ដែលចេញមកពីយានយន្ត កាត់បន្ថយទៅតាមនោះដូចគ្នា។ លើសពីនេះ វាក៏ជួយកាត់បន្ថយទៅដល់ការប្រើប្រាស់ កំប៉ុង ឡាំង កេសផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
អ្នកផលិតបានឱ្យដឹងថា ស្រាបៀរម្សៅនេះគឺមានរសជាតិស្រដៀងនឹងស្រាបៀរទូទៅតែម្តង ដោយវាបានឆ្លងកាត់ការពិសោធមកយ៉ាងផ្ចិតផ្ចង់ ធ្វើឱ្យមានរសជាតិឆ្ងាញ់ ហើយម្សៅមានរហូតដល់ទៅជា ៤០ ប្រភេទឯណោះ ដែលធ្វើឱ្យអ្នកហូបងាយស្រួលរើសនូវរសជាតិដែលខ្លួនពេញចិត្ត។
យ៉ាងណាមិញ គេក៏មានម្សៅស្រាបៀរដែលគ្មានជាតិអាកុលផងដែរ ដែលកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផលិត ហើយគេរំពឹងថា ផលិតផលទាំងនេះអាចនឹងចេញដាក់លក់នៅចុងឆ្នាំ ២០២៣ នេះផងដែរ៕