ឧត្តមសេនីយ៍ទោថៃម្នាក់ ត្រូវគេដកតំណែងភ្លាមៗ ក្រោយធ្លោយមាត់សើច ករណីស្លា.-ប់មនុស្ស ៣៩ នាក់
កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានព័ត៌មានបានឱ្យដឹងថា មន្ត្រីប៉ូលិសរបស់ថៃម្នាក់ ត្រូវបានថ្នាក់លើដកចេញពីតំណែងភ្លាមៗ ក្រោយពីធ្លោយមាត់សើច ខណៈរាយការណ៍រឿងករណីបាញ់រះ ដែលសម្លាប់មនុស្សអស់ ៣៩ នាក់ នៅខេត្ត Nong bua lamphu កន្លងទៅនេះ។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា មន្រ្តីរូបនេះ មានឈ្មោះថា Paisan Luesomboon មានឋានៈជាឧត្តមសេនីយ៍ទោ នៃស្នងការនគរបាលខេត្តភូមិភាគទី ៤។ ចំណែក ដើមហេតុ គឺកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលជាថ្ងៃកើតហេតុការណ៍បាញ់រះនោះ លោកបានឱ្យសម្ភាសតាមរយៈទូរស័ព្ទជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍មួយ និយាយពីរឿងរ៉ាវមូលហេតុ ដែលបណ្តាលឱ្យខ្មាន់កាំភ្លើងហ៊ានលើកដៃប្រព្រឹត្តដូចនេះ។
ហើយមានខណៈមួយនោះ មន្រ្តីរូបនេះ ក៏បានធ្លោយមាត់សើចចេញមក រហូតធ្វើឱ្យមហាជននៅតាមបណ្តាញសង្គម នាំគ្នាមិនពេញចិត្ត កើតជាការវិភាគរិះគន់ថា ជាការមិនសមរម្យ មិនគោរពដល់អ្នកស្លាប់ និងជនរងគ្រោះឡើយ។ ក្រោយពីការផ្ទុះផ្អើលមិនបានប៉ុន្មាន មន្រ្តីរូបនេះ ក៏ត្រូវបានថ្នាក់លើដកចេញពីតំណែងតែម្តង ហើយក៏បានដាក់អ្នកថ្មីចូលជំនួសភ្លាមៗមិនឱ្យចាំយូរឡើយ ដែលធ្វើឱ្យមហាជនជាច្រើនពេញចិត្តស្តូក៕