ភ្ជុំបិណ្ឌចំពេលពពោះ បើចង់ដើរលេងផ្លូវឆ្ងាយត្រូវត្រៀមខ្លួនដូចម្តេច?
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សឹងតែគ្រប់គ្នាសុទ្ធតែមានគម្រោងធ្វើដំណើរទៅកាន់កន្លែងឆ្ងាយៗ ជាពិសេសទៅកម្សាន្តនៅតាមបណ្តាខេត្ត ឬ ស្រុកកំណើត។ ការធ្វើដំណើរផ្លូវឆ្ងាយពេលកំពុងពពោះ ចាំបាច់ណាស់ត្រូវប្រាកដថា សុវត្ថិភាព ផាសុកភាព និង មានអារម្មណ៍ស្រួលខ្លួន។ បើចំពោះស្ត្រីកំពុងចាញ់កូនទៀតនោះ គឺកាន់តែទាមទារការត្រៀមខ្លួនឱ្យបានរួចរាល់ និង ល្អបំផុត។ ខាងក្រោមនេះ ជាការត្រៀមខ្លួន ៧ យ៉ាង សម្រាប់ស្ត្រីចាញ់កូនដែលចង់ធ្វើដំណើរផ្លូវឆ្ងាយ ៖
១. ប្រឹក្សាជាមួយអ្នកជំនាញ
មុនពេលធ្វើដំណើរផ្លូវឆ្ងាយ ស្ត្រីកំពុងស្ថិតនៅអំឡុងចាញ់កូន គប្បីធ្វើការណាត់ជួបគ្រូពេទ្យដើម្បីប្រឹក្សាសុខភាព ដែលអ្នកជំនាញនឹងផ្តល់ដំបូន្មានអំពីវិធីការពារខ្លួន និង វិធីទប់ទល់ផ្សេងៗឱ្យត្រូវទៅតាមសុខភាពជាក់ស្តែង។
២. ជ្រើសរើសទិសដៅត្រឹមត្រូវ
បើមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់តំបន់ណាមួយ អ្នកត្រូវប្រមើលមើលតំបន់ណាដែលផ្លូវសុវត្ថិភាព និង មានមណ្ឌលសុខភាព ឬ មន្ទីរពេទ្យតាមផ្លូវហូរហែ ដែលវាងាយស្រួលក្នុងករណីមិនស្រួលខ្លួនបន្ទាន់។ ជៀសវាងធ្វើដំណើរតាមផ្លូវឡើងខ្ពស់ៗ ផ្លូវពិបាក ផ្លូវគ្រោះថ្នាក់ និងផ្លូវដែលមិនសូវមានមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ។
៣. មានរបស់ទប់ទល់តាមខ្លួន
ត្រូវមានរបស់សម្រាប់សម្រួលឬគ្រប់គ្រងអាការចាញ់កូន។ ក្នុងនោះមានដូចជា ថ្នាំបំបាត់ការក្អួតចង្អោរដែលផ្តល់ដោយគ្រូពេទ្យជំនាញ ស្ករគ្រាប់ប្រហើរ ថង់ ក្រដាសជូតមាត់ និង អាហារសម្រន់មួយចំនួនដែលមិនមានក្លិនធ្វើឱ្យចង្អោរក្រពះ។
៤. រៀបគម្រោងសម្រាក
ស្ត្រីមានអាការចាញ់កូនតែងឆាប់នឿយហត់អស់កម្លាំង។ បើអាចគួរជៀសវាងធ្វើដំណើរវិលល្ងាច ហើយបើទៅផ្លូវឆ្ងាយ គួរឈប់តាមផ្លូវសម្រាកតម្រង់ខ្នង និង ចូលបន្ទប់ទឹកខ្លះ ដែលវាអាចជួយសម្រួលមិនឱ្យអាការចាញ់កូនកាន់តែធ្ងន់ធ្ងរ។
៥. បំពេញជាតិទឹក
កង្វះជាតិទឹកក្នុងខ្លួនក៏អាចធ្វើឱ្យអាការចាញ់កូនកាន់តែយ៉ាប់យ៉ឺនផងដែរ។ ដើម្បីទប់ទល់អាការចាញ់កូនផង និង អាកាសធាតុក្តៅផង ស្ត្រីគួរផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៦. មានរបស់ជួយផ្តល់ភាពងាយស្រួល
កាលណាអង្គុយក្នុងឡានស្រួលខ្លួន អ្នកក៏នឹងមានអារម្មណ៍ល្អក្នុងការធ្វើដំណើរ។ អាចមានជា ខ្នើយកល់ ភួយ ម៉ាសបិតភ្នែក និងស្នាប់ដៃពាក់សម្រួលអាការចាញ់កូនជាដើម។
៧. ដឹងពីលទ្ធភាពខ្លួនឯង
អាចស្ទង់មើលលទ្ធភាពខ្លួនឯង បើអាចទៅរួច ចាំទៅ បើទៅមិនរួច កុំបង្ខំល្អជាង។ កាលណាធ្វើដំណើរទាំងមិនស្រួលខ្លួន អារម្មណ៍របស់អ្នកក៏នឿយណាយទៅតាមហ្នឹង។ ជួនអាចអំពល់ទុក្ខដល់អ្នកធ្វើដំណើរទៅជាមួយគ្នាទៀត។ យល់ល្អ បើទៅមិនរួច គួរសម្រាកនៅផ្ទះថែទាំសុខភាពឱ្យល្អសិនទើបប្រសើរ៕