ស្ងាត់ៗ សេង មង្គល បង្ហាញវត្តមានយ៉ាងស្រស់សង្ហា ធ្វើជាគណៈកម្មការក្នុងកម្មវិធីបុរសឯក
មហាជនអ្នកគាំទ្របានជ្រាបហើយពីលោក សេង មង្គល ដែលជាតារាប្រុសមួយរូបមានសមត្ថភាព ទេពកោលស្យសម្បូរបែបអាចក្ដោបបានទីផ្សារខ្លាំងលើវិថីសិល្បៈ ទាំងអាជីពជាតារាសម្ដែងប្រុស តារាម៉ូដែល និង ជាពិធីករដ៏មានប្រជាប្រិយភាព ព្រមទាំងតែងទទួលបានការចាប់អារម្មណ៍សរសើរខ្លាំងលើរូបសម្រស់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោក។
យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ចំពោះតារាប្រុស សេង មង្គល នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់ស្ងប់ស្ងាត់ខ្លាំងពីវិស័យសិល្បៈទាំងអាជីពជាតារាសម្ដែង និង ពិធីករ ព្រមទាំងមិនសូវបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗលើទូរទស្សន៍ដូចពីមុនឡើយ។
ដ្បិតតែមិនសូវបង្ហាញមុខលើសិល្បៈ ប៉ុន្តែបើក្រឡេកទៅមើលបណ្ដាញសង្គមវិញ លោក សេង មង្គល ក៏មិនបានធ្វើឱ្យអ្នកតាមដាននឹករឮកឡើយ ដោយតែងបង្ហាញសកម្មភាពឯកជនរបស់លោក ធ្វើដំណើរកម្សាន្តផ្សេងៗ ជាពិសេសគឺចូលចិត្តបង្ហាញរូបសម្រស់ដ៏ស្រស់សង្ហាដោះអាវបញ្ចេញសាច់ដុំសខ្ចីរបស់លោកហូរហែលើហ្វេសប៊ុកផងដែរ។
ដោយឡែក ក្រោយពីស្ងប់ស្ងាត់បាត់មុខមួយរយៈធំពីវិស័យសិល្បៈ និង ដើរម៉ូតផ្សេងៗ ថ្មីៗនេះ លោក សេង មង្គល ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ខណៈបានឃើញវត្តមានរបស់តារាប្រុសរូបនេះក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Mister Cambodia ក្នុងនាមជាគណៈកម្មការមួយរូប ដែលបានដើរបង្ហាញខ្លួនលើឆាកប្រកួតបុរសឯកនេះ ជះភាពស្រស់សង្ហាខ្លាំង៕