មិនត្រឹមប្រណីតទេ នាឡិកាដៃជាវត្ថុអនុស្សាវរីយ៍ជូនប្រតិភូប្រជុំអាស៊ាន ក្នុង ១ គ្រឿង មានតម្លៃជាង ២ ម៉ឺនដុល្លារ
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ នៅកម្ពុជាបានបញ្ចប់ទៅយ៉ាងជោគជ័យ និង មានផ្លែផ្កាល្អផងដែរ។
ក្នុងនោះដែរ ខណៈកម្ពុជា ជាប្រធាន និង ជាម្ចាស់ផ្ទះនោះ កម្ពុជាក៏បានប្រគល់ជូននាឡិកាដៃដែលផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ សរុបចំនួន ២៥ គ្រឿង ដែលនេះជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្រ្ត និង បច្ចេកទេសរបស់កម្ពុជា ក្រោមពាក្យថា (ខ្មែរធ្វើបាន) ទៀតផង។
ទាក់ទិនទៅនឹងនាឡិកាដៃដ៏ប្រណីត និង ស្រស់ស្អាតនេះ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបអំពីនាឡិកាដៃខាងលើឱ្យបានដឹងថា ៖ «បើតាមអ្នកផលិតឱ្យដឹង គឺគ្រឿងបង្គុំទាំងអស់ គឺដើម្បីយកមកផ្គុំបង្កើតនាឡិកានេះ គឺមានតម្លៃជាង ២ ម៉ឺនដុល្លារ ក្នុងមួយគ្រឿង»។
ក្នុងនោះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ឱ្យបានដឹងទៀតថា នាឡិកានេះគឺមានតែ ២៥ គ្រឿងទេ ដែលបានចែកជូនទៅដៃគូធ្វើជាវត្ថុអនុស្សាវរីយ៍ ហើយកម្ពុជាក៏មានតែមួយគ្រឿងផងដែរ៕