រៀបការ ៤ ឆ្នាំ ទទួលបានកូនប្រុសម្នាក់ ជីវិតរស់នៅ មាស សាលី និង ភរិយាឯអាមេរិកកាន់តែមានសុភមង្គល
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ៤ ឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក មាស សាលី បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិកសាងគ្រួសារយ៉ាងមានសុភមង្គលនៅទីនោះ។
ក្រោយបង្កើតគ្រួសារយ៉ាងមានសុភមង្គលហើយ លោក មាស សាលី និង ភរិយាស្រស់សោភាក៏ទទួលបានចំណងដៃកូនប្រុសមួយរូប។ យ៉ាងណាមិញ បើទោះជាទើបបានរៀបការសាងគ្រួសាររយៈពេលប្រមាណជា ៤ ឆ្នាំក្តី តែលោក មាស សាលី និង ភរិយា បានសាងចំណងស្នេហ៍នឹងគ្នាតាំងពីមុនរៀបការទៀត បើគិតមកគឺរយៈពេល ៨ ឆ្នាំមកហើយដែរ។ នេះបើតាមការបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីពេលកន្លងមក។
យ៉ាងណាមិញ រយៈពេលដែលបានសាងគ្រួសារនៅលើទឹកដីអាមេរិកជាមួយនឹងភរិយានោះ ជីវិតលោក មាស សាលី គឺមានសុភមង្គលខ្លាំងណាស់។ ស្របគ្នានឹងជីវិតគ្រួសារកាន់តែមានក្ដីសុខ ថ្មីៗនេះ លោក មាស សាលី បានបង្ហោះរូបភាពកាលជួបឪពុកក្មេក និង ភរិយាលើកដំបូងយ៉ាងកក់ក្ដៅ ហើយលោកថែមទាំងសរសេរសារអមសួរដល់អ្នកគាំទ្រទៀតថា ៖ «គ្រាជួបឪក្មេក និង ម៉ែ អាខៃណូវ៉ា លើកដំបូងសាកទាយលមើល ថាខ្ញុំហៅឪក្មេក និង ប្រពន្ធថាដូចម្តេច»។
ភ្លាមនោះ ក៏មានអ្នកគាំទ្រចូលទៅបញ្ចេញផ្សេងៗគ្នា ប៉ុន្តែមិនមានអ្នកណាម្នាក់ឆ្លើយត្រូវនោះទេ ដោយទីបំផុតលោកបានប្រាប់កាលពីជួបឪពុកក្មេក និង ភរិយាលើកដំបូង គឺលោកហៅថា៖ «ប៉ាបង និង មីអូន»៕