ស្រណោះណាស់! កៀកថ្ងៃភ្ជុំជួបជុំគ្រួសារ តែអ្នកច្នៃម៉ូដ អូលីវ៉ា គង់ បែរជួបទុក្ខធំបាត់បង់ម្តាយជាទីស្រឡាញ់
មួយរយៈក្រោយនេះ លោក អូលីវ៉ា គង់ (Oliva Kong) ទទួលបានភាពជោគជ័យខ្លាំងនៅក្នុងអាជីពជាអ្នកច្នៃម៉ូដ និង គ្រូបង្រៀនដើរបង្ហាញម៉ូដ។ រាល់ភាពជោគជ័យ លោកតែបង្ហាញការដឹងគុណទៅកាន់ឪពុកម្តាយជានិច្ច។ ជាអកុសលមិនទៀង កៀកថ្ងៃបុណ្យភ្ជុំបិណ្ឌធំទៅហើយ សុខៗស្រាប់តែអ្នកច្នៃម៉ូដរូបនេះ បានបង្ហាញដំណឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកជួបទុក្ខធំបាត់បង់អ្នកម្តាយជាទីស្រលាញ់។
ជាដំណឹងថ្មីថ្មោង បន្ទាប់ពីប្តូររូប Profile ដាក់រូបកាន់ទុក្ខ លោកបានបង្ហោះរូបភាពឱបអ្នកម្តាយ និង សរសេររៀបរាប់យ៉ាងក្រៀមក្រំថា ៖ «កូនពិបាកធ្វើចិត្តណាស់អ្នកម្ដាយជាទីស្រលាញ់របស់កូន កូនបិទភ្នែកឃើញតែមុខអ្នកម្ដាយ។ សូមវិញ្ញាណក្ខន្ធអ្នកម្ដាយទៅកាន់សុគតិភព កូនស្រលាញ់អ្នកម្ដាយខ្លាំងណាស់»។
មិនបានប៉ុន្មាន លោកក៏បង្ហោះសារមួយទៀតគួរឱ្យស្រណោះដែរថា ៖ «កូនគេងមិនលក់ទេ ហេតុអ្វីអ្នកម្ដាយដាច់ចិត្តទៅចោលកូន។ សម្អាតផ្ទះចាំកូនទៅវត្ត និង ដើរលេងជាមួយគ្នា ប៉ុន្តែខុសគ្នាតែកន្លះថ្ងៃសោះ អ្នកម្ដាយទៅចោលកូនទាំងស្រស់ប៉ប្រិម»។
គួរឱ្យដឹងដែរថា លោក អូលីវ៉ា គង់ បានបង្ហោះដំណឹងមរណភាពអ្នកម្តាយ ក្រោយពេលលោកទើបធ្វើកម្មវិធីបង្ហាញម៉ូដធំមួយមិនបានប៉ុន្មានម៉ោង។ ជាមួយដំណឹងក្រៀមក្រំនេះ សិល្បករ និង អ្នករាប់អានស្គាល់លោកជាច្រើនបានចូលទៅ Comment ចូលរួមរំលែកទុក្ខផងដែរ៕