ពិតជាគំរូមែន! តារាស្រីពីររូបដ៏ស្រស់សោភា ចូលចិត្តច្នៃក្រមាស្លៀក ផ្សព្វផ្សាយបង្ហាញអត្តសញ្ញាណខ្មែរ
តាំងពីដើមឡើយ ក្រមាជាសំពត់ប្រើសម្រាប់ផ្លាស់ងូតទឹក បង់ក ជូតក្បាល។ល។ ដោយសារតែក្រមាជាស្នាដៃកេរដំណែលដូនតាច្រើនជំនាន់ វាមិនគួរឡើយនូវការបំភ្លេចផលិតផលសិប្បកម្មមួយនេះ។ កន្លងមកក្រមាខ្មែរមានការផ្សព្វផ្សាយតាមរយៈច្រើនរូបភាព បើក្រឡេកមើលទៅក្នុងពិភពសិល្បៈ យើងសង្កេតឃើញថាមានតារាស្រីពីររូបហាក់ស្រលាញ់ និងមានឆន្ទៈអភិរក្ស ដោយប្រើក្រមាច្នៃជាឈុតទាន់សម័យផ្សេងៗ មិនថាទាំងក្នុងការបំពេញការងារ ការធ្វើដំណើរកម្សាន្ត និងចូលរួមកម្មវិធីធំៗលក្ខណៈជាតិ និងអន្តរជាតិជាដើម។
១. ពិធីការិនី Jimmy Meng
កាលពីឆ្នាំ ២០២២ ពិធីការិនី Jimmy បានយកសម្លៀកបំពាក់ដែលច្នៃពីក្រមាខ្មែរជាច្រើនឈុត ហោះហើរទៅបង្ហាញខ្លួននៅលើទឹកដីអាមេរិក។ ក្រៅពីស្លៀកបង្អួតបរទេសតាមដងវិថីហើយនោះ នាងក៏បានថតបង្ហោះនៅលើបណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ មិនមែនតែមួយឆាវ ជារឿយៗ Jimmy តែងស្លៀកឈុតច្នៃពីក្រមាក្នុងពេលទៅធ្វើធុរកិច្ចក្នុង និក្រៅប្រទេស ស្លៀកឡើងកាន់កម្មវិធី និងស្លៀកទៅដំណើរកម្សាន្តផងដែរ។ អាចថា Jimmy មិនត្រឹមតែចូលរួមជាចំណែកក្នុងការអភិរក្សក្រមាខ្មែរប៉ុណ្ណោះទេ តែថែមទាំងស្រលាញ់ និងផ្សព្វផ្សាយផងដែរ។
២. តារាសម្តែង មាន សូនីតា
ឱ្យតែឮរហស្សនាមរាជិនីក្រមា ជឿជាក់ថាគ្រប់គ្នានឹងភ្នកនឹកដល់តារាសម្តែង មាន សូនីតា មិនខាន។ ជាការពិតណាស់ មិនចាំបាច់តែចូលឆ្នាំខ្មែរ ឬបុណ្យវប្បធម៌នោះទេ សឹងតែគ្រប់កម្មវិធី មាន សូនីតា តែងស្លៀកឈុតច្នៃពីក្រមា ជួនបែបជារ៉ូប ជួនបែបជាសម្លៀកបំពាក់ប្រចាំថ្ងៃ។ លើសពីការស្លៀកពាក់ តារាសម្រស់ក្មេងមិនចេះចាស់រូបនេះ ក៏ជាស្ថាបនិកផ្ទះស្រលាញ់ ដែលបង្កើតផលិតផលធ្វើពីក្រមា ជាពិសេសសម្លៀកបំពាក់ និងគ្រឿងលម្អកាយ។ នៅរដូវចូលឆ្នាំខ្មែរនេះ នាងទទួលបានការគាំទ្រខ្លាំងទៅលើសម្លៀកបំពាក់ធ្វើពីក្រមា ដែលក្នុងនោះមានខោខ្មែរ និងអាវខ្មែរម៉ូដបែបយុវវ័យពាក់ត្រូវក្នុងរដូវចូលឆ្នាំតែម្តង៕