ប្រុសស្លៀកសំពត់ផ្អើលអីតែស្រុកយើង នៅបរទេសតារាល្បីៗ ៧ រូបនេះ ក៏ធ្លាប់ស្លៀក ហើយពាក់ទាំងស្បែកជើងកែងទៀត
ប៉ុន្មានថ្ងៃនេះ ឃើញថាតារាចម្រៀងប្រុសកម្ពុជាប៉ុន្មានរូប កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយស្ទីលស្លៀកពាក់សំពត់ ដែលមើលមកឡូយហ្វេហ្សិនមួយបែប។ មែនទែនទៅ បើក្រឡេកទៅបរទេស ស្ទីលស្លៀកសំពត់នេះមានការពេញនិយមយូរមកហើយ ហើយក៏នៅតែមានប្រជាប្រិយភាពមកដល់បច្ចុប្បន្ន។ ជាពិសេសតារាល្បីៗបានប្រើវាជាស្ទីលលេងខ្លួន បង្កការចាប់អារម្មណ៍ រហូតអ្នកគាំទ្រយកធ្វើតាមក្លាយជាស្ទីលហ្វេហ្សិនប្រចាំថ្ងៃ។ ក្នុងចំណោមតារាប្រុសល្បីៗ គេសម្គាល់ឃើញតារាចំនួន ៧ រូប ដែលលេងស្ទីលនេះផ្ទុះការចាប់អារម្មណ៍បំផុត។
១. តារាសម្តែង Oscar Isaac
នៅខែមីនា ឆ្នាំ ២០២២ តារាសម្តែងអាមេរិករូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពម៉ូដ នៅពេលដែលលោកបានស្លៀកសំពត់ដើរលើកម្រាលព្រំក្រហម នៅក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងរឿង Moon Knight នៅទីក្រុងឡុងដ៍។
២. តារាសម្តែង Robert Pattinson
នៅខែមករា ឆ្នាំ ២០២៣ តារាសម្តែងតួអង្គ Batman ជនជាតិអង់គ្លេសរូបនេះ បានលេងស្ទីលស្លៀកសំពត់លើកដំបូង ទៅចូលរួមកម្មវិធីរបស់ម៉ាក DIOR។
៣. តារាចម្រៀងរ៉េប A$AP Rocky
នៅក្នុងវីដេអូចម្រៀងចំណងជើង Fashion Killa តារារ៉េបរូបនេះបានលេងខ្លួនបែប Streetwear ដោយស្លៀកសំពត់ស្បែកជាមួយអាវ hoodie មើលមកពិតជាឡូយ និង លេចធ្លោ។
៤. អតីតកីឡាកាស ចន ស៊ីណា
កាលពីដើមខែកុម្ភៈឆ្នាំទៅមិញ អតីតកីឡាកាស ចន ស៊ីណា បានធ្វើឱ្យផ្ទុះលើបណ្តាញសង្គមជាមួយរូបភាព ដែលលោកស្លៀកសំពត់ខ្លី និង ពាក់ស្បែកជើងកែងជាមួយស្រោមបារ។ តែយ៉ាងណាមិញ ស្ទីលមួយនេះគឺជាការតុបតែងខ្លួនជាតួអង្គ ដែលលោកសម្តែងនៅក្នុងរឿង Ricky Stanicky។
៥. តារាហូលីវូដ Brad Pitt
កាលពីឆ្នាំ ២០២២ តារាហូលីវូដវ័យ ៥៨ ឆ្នាំរូបនេះ បានលេងស្ទីលស្លៀកសំពត់ដើរលើកម្រាលព្រំក្រហម ក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់លោក នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
៦. តារាម៉ូឌែល និង សម្តែង Evan Mock
នៅក្នុងព្រឹត្តិការណ៍បង្ហាញខូឡិកហ្សិនរដូវត្រជាក់ FW22 របស់ម៉ាក FENDI នៅទីក្រុងញ៉ូវយក តារារូបនេះបានបង្ហាញស្ទីលទាក់ទាញខ្លាំង ដោយស្លៀកសំពត់ស្បែកពណ៌ក្រមៅ និង ពាក់អាវក្រៅរោមសត្វបញ្ចេញសាច់ដុំកង់ៗ។
៧. តារាសម្តែង Vin Diesel
នៅឆ្នាំ ២០០៣ តារាសម្តែងជាតួអង្គនៅក្នុងរឿង Fast and Furious រូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយការស្លៀកសំពត់ស្បែកចូលរួមកម្មវិធីទទួលពានរង្វាន់។ ជម្រើសស្លៀកសំពត់នេះ វាមិនត្រឹមតែជាហ្វេហ្សិនប៉ុណ្ណោះទេ តែលោកធ្វើវាឡើងដើម្បីបង្ហាញពីភាពជាបុរសដែលមិនពិសពុលផងដែរ៕
ប្រភព៖ AUGUSTMAN