អ្នកស្រាវជ្រាវរកឃើញថ្មីៗ ការប្រើអំពើហិង្សាលើប្រពន្ធកំពុងពពោះ អាចប៉ះពាល់ខ្លាំងដល់ខួរក្បាលទារក
យោងតាមការសិក្សាថ្មីថ្មោង ការប្រើអំពើហិង្សាលើភរិយាកំពុងពពោះ អាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ធ្វើឱ្យការអភិវឌ្ឍន៍ខួរក្បាលទារកមានការផ្លាស់ប្តូរ និង ជួបបញ្ហាផ្សេងៗទៅថ្ងៃអនាគត។
ជាក់ស្តែង អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bath នៅចក្រភពអង់គ្លេស និង អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cape Town នៅអាហ្រ្វិកខាងត្បូង បានសហការគ្នា ដោយស្កេនវិភាគខួរក្បាលទារកទើបកើត ចំនួន ១៤៣ ដែលម្តាយពួកគេសុទ្ធតែជួបអំពើហិង្សានៅអំឡុងពពោះ។ ទារកទាំងនេះមកពីអាហ្វ្រិកខាងត្បូង និង ជាមានអាយុជាមធ្យម ៣ សប្តាហ៍។
ការស្រាវជ្រាវនេះ បានវិភាគលើការរងអំពើហិង្សាផ្សេងគ្នានៅអំឡុងពពោះ ដូចជា ហិង្សាផ្លូវអារម្មណ៍ ផ្លូវកាយ និង ផ្លូវភេទ។ តាមរយៈការស្កេនខួរក្បាល (MRI) ជាលទ្ធផល ទារកទាំងប៉ុន្មានសុទ្ធតែមានការផ្លាស់ប្តូររចនាសម្ព័ន្ធខួរក្បាល ដែលខុសគ្នាដោយឡែកពីទារកទូទៅ។ លទ្ធផលនេះ ក៏រាប់បញ្ចូលទារកដែលស្ត្រីជាម្តាយបានផឹកស្រា និង ជក់បារី នៅអំឡុងពពោះផងដែរ។
ការដែលសំខាន់ ការប៉ះពាល់ខួរក្បាល បានរកឃើញមានការបែងចែកទៅតាមភេទរបស់ទារក។ សម្រាប់ទារកភេទស្រី ប៉ះពាល់ទៅផ្នែកតូចមួយនៃខួរក្បាលហៅថា amygdala ជាតំបន់ដែលអភិវឌ្ឍន៍ផ្នែកអារម្មណ៍ និង សង្គម។ ចំណែក ទារកភេទប្រុស ប៉ះពាល់ទៅផ្នែកធំមួយនៃខួរក្បាលហៅថា caudate nucleus ជាតំបន់ពាក់ព័ន្ធមុខងារខួរក្បាលរួមមាន ការធ្វើចលនា ការរៀន ការចងចាំ ភាពរីករាយ និង ជំរុញចិត្ត។
អ្នកជំនាញបានលើកឡើងថា លទ្ធផលផ្លាស់ប្តូររចនាសម្ព័ន្ធខួរក្បាលនៅអំឡុងទើបកើត អាចធ្វើឱ្យទារកប្រឈមបញ្ហាសុខភាពផ្លូវកាយនៅវ័យក្មេង ឬអាចរហូតដល់ពួកគេធំឡើងពេញមួយជីវិត។ ថ្វីបើយ៉ាងនេះ អ្នកស្រាវជ្រាវថា ស្ថានភាពខួរក្បាលទារក នឹងអភិវឌ្ឍន៍ខុសគ្នាទៅតាមភេទរបស់ពួកគេ។ បច្ចុប្បន្ន អ្នកស្រាវជ្រាវបានកំពុងបន្តតាមដាន និង សិក្សាជំហានបន្ទាប់ទៅលើការអភិវឌ្ឍន៍ផ្នែកអារម្មណ៍ និង ការយល់ដឹង ខណៈដែលទារកចាប់ផ្តើមលូតលាស់ធំទៅតាមអាយុរបស់ពួកគេ៕
ប្រភព៖ universityofbath