ព្រះអើយ! អ្នកវិទ្យាសាស្ត្ររកឃើញវីរុសបុរាណជាង ១ ពាន់ប្រភេទ កប់ក្រោមផ្ទាំងទឹកកកនៅភាគខាងលិចប្រទេសចិន
តាមការចេញផ្សាយដោយសារព័ត៌មាន Dailymail បានឱ្យដឹងថាអ្នកវិទ្យាសាស្ត្របានរុករកឃើញវីរុសបុរាណប្រមាណជាង ១៧០០ ប្រភេទកប់ជ្រៅក្រោមផ្ទាំងទឹកកកនាភាគខាងលិចប្រទេសចិន ដោយភាគច្រើននៃវីរុសទាំងនោះមិនធ្លាប់បានស្គាល់ពីមុនមកឡើយ។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញវីរុសបុរាណទាំងនេះនៅក្នុងស្នូលទឹកកកប្រវែងជាង ៣០០ ម៉ែត្រដែលខួងចេញពីផ្ទាំងទឹកកក Guliya Glacier នៅខ្ពង់រាបទីបេ ដែលមានទីតាំងនៅចំណុចប្រសព្វនៃភាគកណ្ដាល ភាគខាងត្បូង និង ខាងកើតអាស៊ី។ វីរុសទាំងនោះដែរ ត្រូវបានដឹងថាមានអាយុកាលប្រមាណ ៤១ ០០០ ឆ្នាំមុន។
គួរបញ្ជាក់ថា ការរុករកឃើញវីរុសបុរាណពីផ្ទាំងទឹកកកនេះក៏ធ្លាប់បានរកឃើញនៅតំបន់ផ្សេងៗជុំវិញពិភពលោក ហើយធ្លាប់បង្កជាការព្រួយបារម្ភសម្រាប់អ្នកវិទ្យាសាស្ត្រភ័យខ្លាចហានិភ័យផ្ទុះរាតត្បាតឆ្លងផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៦ លំអងបាក់តេរី anthrax ដែលចេញពីសាកសពសត្វដែលកកក្រោមផ្ទាំងទឹកកកនៅស៊ីប៊ឺរីរយៈពេល ៧៥ ឆ្នាំ ដោយបាក់តេរីនេះដែរបានធ្វើឱ្យមនុស្សមួយចំនួនឆ្លងរហូតព្យាបាលនៅមន្ទីរពេទ្យ និង បណ្ដាលឱ្យក្មេងម្នាក់បាត់បង់អាយុជីវិត។
យ៉ាងណាមិញជាសំណាងល្អ វីរុសទាំង ១៧០០ ប្រភេទដែលរកឃើញថ្មីៗនេះ តាមការសិក្សារកឃើញថាមិនបង្កការគំរាមកំហែងដល់សុខភាពមនុស្សឡើយ។ នេះក៏ព្រោះតែវីរុសទាំងនេះអាចឆ្លងទៅលើពពួកមីក្រូសារពាង្គកាយ និង បាក់តេរីប៉ុណ្ណោះ ដូចនេះពួកវាមិនអាចធ្វើឱ្យមនុស្ស សត្វ ឬសូម្បីតែរុក្ខជាតិកើតមានជំងឺនោះឡើយ។ ទោះជាយ៉ាងណា ការសិក្សាទៅលើពពួកវីរុសទាំងនេះគឺនៅតែសំខាន់ព្រោះថាពួកវាអាចជាទ្វារបើកបង្ហាញឱ្យឃើញពីប្រវត្តិអាកាសធាតុដែលកប់ជ្រៅនៃភពផែនដី ហើយក៏អាចជួយឱ្យពួកយើងស្វែងយល់ពីអនាគតនៃពពួកអតិសុខុមប្រាណថាពួកវាមានរូបរាងបែបម៉េច៕
ប្រភព៖ Dailymail