មកស្គាល់ក្រពើចាស់ជាងគេបំផុតលើពិភពលោក មានអាយុ ១២៤ ឆ្នាំ គិតត្រឹមចុងឆ្នាំ ២០២៤នេះ
ក្រពើមួយក្បាលឈ្មោះ Henry នៅមជ្ឈមណ្ឌលអភិរក្ស Crocworld ប្រទេសអាហ្វ្រិកខាងត្បូង កើនអាយុដល់ ១២៤ ឆ្នាំហើយនៅចុងឆ្នាំ ២០២៤ នេះ ក្លាយជាក្រពើដែលមានអាយុចាស់ជាងគេបំផុតលើពិភពលោក។
មិនត្រឹមតែមានវ័យចាស់ជាងគេប៉ុណ្ណោះទេ ក្រពើ Henry ក៏ថែមទាំងមានទំហំធំខ្លាំងផងដែរ។ ជាក់ស្ដែង បើតាមវិបសាយ IFL Science ប្រវែងរបស់វាវាស់ពីមាត់ដល់កន្ទុយគឺ ១៦ ហ្វីដ (ប្រមាណ ៤.៨៧ ម៉ែត្រ) និង ទម្ងន់វិញប្រមាណ ៦៨០ គីឡូក្រាម ធៀបទៅនឹងក្រពើទន្លេនីលធម្មតា មានប្រវែងវែងបំផុតជាមធ្យម ១៥ ហ្វីដ (ប្រមាណ ៤.៥៧ ម៉ែត្រ) និង ទម្ងន់ប្រមាណ ៤០៨ គីឡួក្រាម។
អ្នកវិទ្យាសាស្ត្រជឿជាក់ថា ក្រពើ Henry បានកើតក្នុងឆ្នាំ ១៩០០ នៅ Okavango Delta ប្រទេសបុតស្វាណា។ Henry ត្រូវបាននាំទៅកាន់មជ្ឈមណ្ឌលអភិរក្ស Crocworld តាំងពីឆ្នាំ ១៩៨៥ ដោយនៅទីនោះវាបានបង្កាត់ពូជជាមួយក្រពើញីយ៉ាងតិច ៦ ក្បាល ហើយបើកូនរបស់វាវិញ តាមអ្នកថែទាំបានឱ្យដឹងថាក្នុងពេលមិនដល់ ៤០ ឆ្នាំ កូនៗ Henry កើតបានជាង ១ ម៉ឺនក្បាល។ ថ្ងៃកំណើតរបស់ Henry ត្រូវបានអ្នកអភិរក្សកំណត់យកថ្ងៃទី ១៦ ខែធ្នូ ដូច្នេះគិតត្រឹមចុងឆ្នាំនេះ ក្រពើ Henry កើនអាយុដល់ ១២៤ ឆ្នាំហើយ។ គួរបញ្ជាក់ដែរថា ថ្ងៃខែឆ្នាំកំណើតរបស់ក្រពើមួយនេះគឺជាការកំណត់របស់អ្នកអភិរក្សប៉ុណ្ណោះ ចំពោះពេលវេលាកើតពិតប្រាកដរបស់វាមិនមាននរណាដឹងច្បាស់នោះឡើយ ព្រោះតែវាបានកើតនៅក្នុងព្រៃ។
បើតាមកម្មវិធីទូរទស្សន៍ Killer Crocs with Steve Backshall ក្រពើ Henry ត្រូវបានអ្នកប្រមាញ់ដំរីម្នាក់ឈ្មោះ Sir Henry ចាប់បានក្នុងឆ្នាំ ១៩០៣ ហើយក៏ដាក់ឈ្មោះវាតាមអ្នកដែលរកឃើញតែម្ដង។ សឹងតែពេញមួយជីវិតរបស់ Henry គឺរស់នៅក្នុង Okavango Delta ហើយបច្ចុប្បន្នក្រពើចំណាស់មួយក្បាលនេះបានជ្រកកោននៅមជ្ឈមណ្ឌលអភិរក្សជាមួយក្រពើចំណាស់មួយក្បាលទៀតឈ្មោះ Colgate ដែលមានអាយុប្រមាណជា ៩០ ឆ្នាំ៕
ប្រភព៖ VN Express