មិនធម្មតា! ព្រះអគ្គីជ័យកីឡា មានប្រវត្តិ និង ខ្លឹមសារស៊ីជម្រៅ ដែលត្រូវបានគេប្រើជាង ២០០០ ឆ្នាំមកហើយ
នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ថោង ខុន បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ជម្រាបដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីជាច្រើនរូបទៀត រួមទាំងលោក Dato’ Seri Chaiyapak Siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ានថា ៖ «ព្រះអគ្គីជ័យកីឡា មានអត្ថន័យស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលជីវិតមនុស្សសត្វ»។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានក្រាបបង្គំទូលថ្វាយ និង លើកបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ «ព្រះអគ្គិជ័យកីឡា» ដែលជានិមិត្តរូបនៃកម្លាំងថាមពលរបស់ជីវិតមនុស្សសត្វ និង ជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និង សន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ ៖ «កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និង សន្តិភាព» ដោយបានលើកឡើងថា ៖ «ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទូលព្រះបង្គំ សូមក្រាបបង្គំទូលថ្វាយ ព្រះអគ្គីជ័យកីឡា មានប្រវត្តិ និង ខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធភ្លើងកីឡាអូឡាំពិក ដែលកាលពីប្រមាណជាង ២០០០ ឆ្នាំមុនគ.ស. ដោយរៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិកបុរាណ បានយកភ្លើងពីកម្ដៅព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន»។
លើសពីនេះទៅទៀត ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមទៀតថា ជាធម្មតាគ្រប់ព្រឹត្តិការណ៍ Olympic អន្តរជាតិ Olympic អាស៊ី និង Olympic អាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសសមាជិក មុនចូលដល់ប្រទេសម្ចាស់ផ្ទះ ដោយផ្តើមចេញពីប្រវត្តិ និង ខ្លឹមសារនៃព្រះអគ្គីជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡាពេលនេះ ដើម្បីទទួលបានព្រះអគ្គីជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និង ប្រារព្ធពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ។
ឆ្លៀតយកឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានសហការយ៉ាងល្អ និង បានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួត ហើយបើតាមតួលេខទទួលបានជាបឋមសរុបទាំងអស់មានចំនួន ១១ ៤៥៣ នាក់។ ប៉ុន្តែតួលេខនេះអាចមានការប្រែប្រួលនៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ៕
ប្រភព ៖ Cambodia 2023