នៅចិន សម្រុកទិញ iPhone 14 មកលក់តដើម្បីចំណេញ មានអីលក់អត់ចេញ ចុងក្រោយដាក់លក់ឡៃឡុងតាមផ្លូវដូចបន្លែ
កាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ខាងក្រុមហ៊ុន Apple បានទម្លាយស៊េរីចុងក្រោយរបស់ទូរសព្ទខ្លួនហើយ ដែលនោះគឺជា iPhone 14 មានរូបរាងពណ៌សម្បុរស្អាតទំនើបប្លែកភ្នែកតែម្តង។
យ៉ាងណាមិញ ក្នុងប្រទេសមួយចំនួន ទូរសព្ទស៊េរីចុងក្រោយមួយនេះ មើលទៅហាក់មិនសូវទទួលបានការគាំទ្រខ្លាំង ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់ទៅដល់អ្នកលក់នោះឯង។ ក្នុងនោះ ជាក់ស្តែងថ្មីៗនេះ អ្នកលក់ជាច្រើននៅក្នុងប្រទេសចិន គឺកំពុងតែរងការប៉ះពាល់ជាមួយនឹងការទិញលក់ទូរស័ព្ទ iPhone 14 នេះ។
ដោយមុននេះ iPhone គឺជាប្រភេទដ៏ពេញនិយមបំផុតក្នុងប្រទេសចិន គឺឱ្យតែមានការចេញស៊េរីថ្មី តម្រូវការរបស់អ្នកទិញគឺខ្ពស់ខ្លាំងណាស់ រហូតដល់អ្នកខ្លះសុខចិត្តចំណាយលើសតម្លៃដើម ដើម្បីឱ្យបានកាន់មុនគេទៀតផង។ ហេតុនេះហើយ បានជាធ្វើឱ្យអ្នកលក់មួយចំនួនហ៊ានចំណាយដើមទិញទូរស័ព្ទស៊េរីចុងក្រោយទាំងនេះទុកច្រើនណាស់ ដើម្បីលក់តទៀត ព្រោះតែចង់បានចំណេញច្រើននោះឯង។
យ៉ាងណាមិញ សម្រាប់ iPhone 14 នេះវិញ ក្រោយពីបានចេញលក់នៅចិន គេសង្កេតថា ក្រៅពីតម្លៃលក់តមិនបានខ្ពស់ដូចពីមុនហើយ ពេលខ្លះមានទាំងការធ្លាក់ថ្លៃខ្លាំងជាងការទិញនៅក្នុងវេបសាយផ្លូវការទៀតផង។
ដោយឡែក អ្នកលក់ម្នាក់ៗហាក់ឈឺក្បាលខ្លាំង ព្រោះលក់មិនចេញ ថែមទាំងមានការប្រកួតប្រជែងពីទូរសព្ទម៉ាកផ្សេងៗជាច្រើន ហើយក្នុងនោះជម្រើសតែមួយ គឺដាក់លក់ឡៃឡុង ដើម្បីឱ្យបានដើមមកវិញខ្លះៗ បើទុកយូរអាចនឹងខាតជាងនេះ។ ក្នុងនោះ មានអ្នកលក់ជាច្រើនបានអង្គុយតម្រៀបគ្នានៅតាមដងផ្លូវនាទីក្រុង ព្រមដាក់ទូរស័ព្ទនៅនឹងមុខ អង្គុយលក់ដូចជាលក់បន្លែផ្លែឈើដូច្នោះឯង ដែលមើលទៅពិតជាគួរឱ្យហួសចិត្តមែនទែន៕