ស្រណោះណាស់! ទិដ្ឋភាពសិល្បករអង្គុយកំដររោងបុណ្យ កៅ សីហា លើកចុងក្រោយ មុនបូជានៅរសៀលនេះ
មរណភាពរបស់អ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងដ៏ល្បីលោក កៅ សីហា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនលើបណ្ដាញសង្គម ជាពិសេសសិល្បករសិល្បការិនីជាច្រើន នៅតែបន្តបង្ហោះរូបភាព និង សាររំលែកទុក្ខភ្ជាប់ជាមួយក្ដីស្រណោះអាល័យចំពោះរូបលោក។
ជាមួយគ្នានេះ គេឃើញថាមានអ្នកក្នុងរង្វង់សិល្បៈជាច្រើន បានបង្ហោះចែករំលែកបង្ហាញនូវស្នាដៃពេញដោយទេពកោសល្យ ក៏ដូចជាអនុស្សាវរីយ៍ល្អរបស់ដឹកនាំរឿងរូបនេះ ដែលបន្សល់ត្រឹមតែរូបភាព និង ស្នាមញញឹមក្នុងចិត្តអ្នកសិល្បៈ។
បើងាកទៅមើលទិដ្ឋភាពនៃពិធីបុណ្យសពរបស់លោក កៅ សីហា គឺបានរៀបចំតម្កល់សព និង ពិធីបុណ្យនៅផ្ទះរបស់លោកផ្ទាល់ ស្ថិតក្នុងបុរីសម្បត្តិមានហេង ៣ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានឃើញអ្នកសិល្បៈជាច្រើនរូបទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និង រំលែកទុក្ខដោយផ្ទាល់ ពេញដោយក្ដីរំជួលចិត្ត និង ស្រណោះអាល័យខ្លាំងចំពោះរូបលោក។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ គេបានឃើញវត្តមានរបស់សិល្បករ សិល្បការិនីជាច្រើនបានទៅកំដររោងបុណ្យរបស់លោក កៅ សីហា និង ត្រៀមជូនដំណើរលោកជាលើកចុងក្រោយ ដោយពិធីបូជាសពធ្វើឡើងនៅវត្តព្រែកឯង វេលាម៉ោង ២ រសៀលនាថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ។ លើសពីនោះផងដែរ តាមរយៈការបង្ហោះរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា បានអំពាវនាវដល់បងប្អូន មិត្តភក្តិទាំងអស់គ្នាដែលធ្លាប់ធ្វើការ និង រាប់អានលោក កៅ សីហា មកចូលរួមពិធីដង្ហែរសពលោកជាលើកចុងក្រោយដោយការជួបជុំគ្នានៅវេលាម៉ោង ១១ ព្រឹកនេះឱ្យបានគ្រប់ៗគ្នាផង៕