រំលងអស់ ២៥ ឆ្នាំ តួ Rose ទើបទម្លាយមូលហេតុ Jack ទ្រាំកកក្នុងទឹក មិនអាចឡើងលើទ្វារជាមួយនាងបាន
ខ្សែភាពយន្ត «Titanic» គឺនៅតែជាខ្សែភាពយន្តមួយដ៏ពេញនិយម និង នៅតែមានមហាជនទស្សនាមិនជិនណាយសោះឡើយ បើទោះបីជាភាពយន្តមួយនេះ បានចាក់បញ្ចាំងអស់រយៈពេល ២៥ ឆ្នាំទៅហើយក្ដី។ ក្រៅពីជក់ចិត្តនឹងសាច់រឿង រួមទាំងតួអង្គសម្ដែងហើយនោះ មហាជនអ្នកតាមដានទស្សនាជាច្រើនក៏ហាក់នាំគ្នាផ្ទុះការវែកញែកមិនដាច់ផងដែរ ត្រង់ឈុតដែល Rose ដេកលើទ្វារអណ្តែត ខណៈ Jack បានត្រឹមតោងពីក្រោមរហូតត្រូវរងាស្លាប់។
ត្រង់ឈុតនេះដែរ មហាជនបាននាំគ្នាលើកឡើងមតិរៀងៗខ្លួនថា Jack អាចនឹងនៅរស់រាន ប្រសិនបើលោកឡើងលើទ្វារនោះជាមួយ Rose ព្រោះថា ទ្វារធំអាចសល់កន្លែងសម្រាប់លោកឡើងបាន ហេតុអ្វីបានជាអ្នកនិពន្ធមិនព្រមទុកឱ្យតួអង្គប្រុសរស់រានដែរទៅ។ ទោះជាយ៉ាងណា ជុំវិញចម្ងល់របស់មហាជនជាច្រើនឆ្នាំមកនេះ ទីបំផុត តារាសម្ដែង Kate Winslet ដែលជាតួអង្គ Rose បានចេញមុខមកស្រាយចម្ងល់មួយនេះហើយ។
អំឡុងពេលបង្ហាញវត្តមានចូលរួមក្នុងកម្មវិធី Podcast មួយឈ្មោះ «Happy Sad Confused» តារាស្រី Winslet បានទម្លាយបញ្ជាក់ច្បាស់ៗឱ្យមហាជនអ្នកគាំទ្រអស់ចម្ងល់ថា ៖«អ្នកទាំងអស់គ្នានឹងដឹងជាលើកដំបូងនៅទីនេះ ពិតណាស់ គាត់ (តួអង្គ Jack) អាចឡើងបាន គាត់អាចឡើងលើទ្វារនោះបាន ប៉ុន្តែវានឹងមិនអាចអណ្តែតបានទៀតនោះឡើយ វាមិនអាចទេ»៕