ប្រពន្ធប្តឹងប្ដីខ្លួនឯងឡើងតុលាការ ចោទពីបទប្រើហិ./ង្សា តែការពិតអន់ចិត្តប្តីស្រឡាញ់សត្វឆ្មាជាងសោះ
សារព័ត៌មានបរទេស បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្ត និង អស់សំណើចមួយនៅប្រទេសឥណ្ឌា ដោយមានស្រ្តីម្នាក់ឡើងទៅតុលាការប្តឹងប្តីខ្លួនឯង ចោទពីបទប្រើប្រាស់អំពើហិង្សា តែដល់តុលាការសួរនាំចុះឡើង ទើបដឹងថាតាមពិតនាងខឹងអន់ចិត្តជាមួយប្តីដែលស្រឡាញ់សត្វឆ្មាជាងនាង។
តាមព័ត៌មានបានឱ្យដឹងថា ចៅក្រមបានពិចារណាទៅលើករណីនេះ តែរកមិនឃើញមានភស្តុតាងណា ដែលបញ្ជាក់ថាស្រ្តីជាប្រពន្ធត្រូវបានគេធ្វើបាបឡើយ ហើយបណ្តឹងរបស់នាងភាគច្រើននិយាយត្អូញត្អែរថាប្តីរបស់នាងយកចិត្តទុកដាក់ជាមួយសត្វឆ្មាជាងនាង ទោះឆ្មាខាំ ឬខ្វាចនាងយ៉ាងណាប្តីនាងក៏មិនខ្វល់ លើសពីទៀតឱ្យតែនាងលើករឿងនេះមកនិយាយ ក៏កើតការឈ្លោះទាស់ទែងគ្នារហូត។
យ៉ាងណាមិញ ចុងក្រោយចៅក្រមបានបញ្ឈប់ការស៊ើបអង្កេតទៅលើបុរសជាប្តី ហើយសម្រេចថា បណ្តឹងនេះគ្រាន់តែទាក់ទងនឹងរឿងរកាំរកូសរវាងប្តីប្រពន្ធបន្តិចបន្តួចទៅលើសត្វឆ្មា មិនបានពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាណាមួយឡើយ។ ចំណែកស្រ្តីជាប្រពន្ធវិញក៏ត្រូវបានចៅក្រមស្ដីបន្ទោសថា បានដាក់ពាក្យបណ្តឹងគ្មានប្រយោជន៍ គ្មានភស្តុតាងច្បាស់លាស់ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ប្រព័ន្ធយុត្តិធម៌ និង ប៉ះពាល់ទៅដល់សំណុំរឿងដទៃទៀតដែលមិនទាន់បានដោះស្រាយ៕
ប្រភព៖ Khaosod