ឆ្លងឆ្នាំអត់ដឹងទៅណា! តស់ណាត់គ្នាទៅលេងវិមានឈ្នះឈ្នះ មានពិព័រណ៍ម្ហូបអាហារ និងការប្រគំតន្រ្តី រយៈពេល ៣ ថ្ងៃ
កាលពីពេលថ្មីៗកន្លងទៅ ហ្វេសប៊ុកផេករបស់វិមានឈ្នះ ឈ្នះ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា បានជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានដឹងថា ដើម្បីអបអរសាទរការប្រារព្ធខួបលើកទៅ ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកប ដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និង ខួប ៥ ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ នៅបរិវេណវិមានឈ្នះ ឈ្នះ នឹងមានរៀបចំកម្មវិធីកម្សាន្តសប្បាយសម្រាប់ប្រជាពលរដ្ឋទាំងអស់ចូលរួម។
យោងតាមហ្វេសប៊ុកផេកវិមានឈ្នះ ឈ្នះ បានឱ្យដឹងថា នឹងមានការប្រគំតន្រ្តីដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរខួបទី ២៥ នៃនយោបាយឈ្នះ ឈ្នះ ដែលនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ចាប់ពីម៉ោង ៦ ល្ងាចតទៅ។
ជាមួយគ្នានេះដែរ ប្រភពដដែលបានឱ្យដឹងថា ចាប់ពីម៉ោង ២ រសៀលទៅនឹងការបើកឱ្យចូលរួមដោយសេរីនូវការទស្សនាពិព័រណ៍សមិទ្ធផល ២៥ ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ ពិព័រណ៍ផលិតផល និង ម្ហូបអាហារខ្មែរ។ ថែមទាំងមានការបើកសារមន្ទីរមគ្គុទេ្ទសក៏តេជោសែន ជូនសាធារណៈជន និង អង្គភាព ដែលបានស្នើរសុំ ព្រមទាំងទស្សនីយ៍ភាពសិល្បៈ និង តន្ត្រីរបស់យុវជន និង មានការបាញ់កាំជ្រួច នៅម៉ោង ៧ ល្ងាច។
គួរឱ្យដឹងដែរថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នៅម៉ោង ១២ យប់ នឹងមានការបាញ់កាំជ្រួច អបអរសាទរឆ្លងឆ្នាំសាកល ២០២៣ ឈានចូលឆ្នាំ ២០២៤ ហើយក៏មានការតាំងពិព័រណ៍ស្នាដៃរបស់ក្រសួងស្ថាប័ន ពិព័រណ៍ផលិតផលខ្មែរ និង ពិព័រណ៍ម្ហូបអាហារ ប្រមាណជា ៥០០ ស្តង់ផងដែរ៕