ហេតុផលសំខាន់ៗទាំងនេះ ទើបកម្ពុជាចាំបាច់ត្រូវតែមានច្បាប់ «គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន»
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាបានអនុម័តលើ «ច្បាប់ស្តីពីគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន» ដោយទទួលបានសម្លេងគាំទ្រ ៥៤លើ៥៤ ពីព្រឹទ្ធសភា ។ យ៉ាងណាមិញ ហេតុអ្វីបានជាកម្ពុជាចាំបាច់មានច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ននាពេលនេះ ?
យោងតាមការថ្លែង របស់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ននាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថាមានហេតុផលមួយចំនួនដែលកម្ពុជាគួរមានច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ននាពេលនេះ ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះនៅលើពិភពលោកមានជាង ៧០ ប្រទេសហើយដែលបានដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ដែលមានការចម្លងយ៉ាងខ្លាំងក្លាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយប្រទេសទាំងនោះមានច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្នរួចទៅហើយ ។ ប៉ុន្តែសម្រាប់កម្ពុជាវិញ ប្រសិនបើចង់ដាក់ប្រទេសក្នុងភាពអាសន្ន គឺកម្ពុជានឹងពិបាក ព្រោះយើងពុំទាន់មានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅពេលនោះ ។ ជាក់ស្តែងយោងតាមមាត្រាទី២២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្រាន់តែជាគោលការណ៍គ្រឹះដែលមិនអាចយកមកអនុវត្តបានឡើយ ប្រសិនបើត្រូវដាក់ប្រទេសក្នុងភាពអាសន្ន ។
មានន័យថា កម្ពុជារៀបចំច្បាប់នេះឡើងក្នុងគោលបំណង បង្កើតឧបករណ៍គតិយុត្តិមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដូចជា ថាតើត្រូវគ្រប់គ្រងប្រទេសរបៀបណានៅពេលដែលប្រទេសស្ថិតក្នុងភាពអាសន្ន ឱ្យបានសមស្របតាមគោលការណ៍ប្រជាធិបតេយ្យនិតិរដ្ឋ ។
មួយវិញទៀតវាជាការចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងការត្រៀមខ្លួនការពារអាយុជីវិតរបស់ជាតិពីជំងឺឆ្លងដ៏កាចសាហាវនេះ ។ ទោះបីជាក្នុងកាលៈទេសៈនេះមិនទាន់ចាំបាច់ក្នុងការប្រើប្រាស់ ក៏ដូចជាអនុវត្តច្បាប់នេះក្តី ប៉ុន្តែច្បាប់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា នៅពេលដែលយើងមានច្បាប់នេះនៅក្នុងដៃ គឺយើងអាចត្រៀមខ្លួនបានរួចរាល់ប្រសិនបើមានស្ថានភាពគ្រោះថ្នាក់ប្រភេទណាមួយកើតឡើងនៅពេលអនាគតដែលយើងមិនអាចមើលឃើញ ៕